(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដោយជឿជាក់ថានឹងធានាការធ្វើទេសន្តរប្រវេសន៍ ការងាររបស់ពលករ ទទួលបានលទ្ធផលជោគជ័យ និងបទពិសោធន៍ជាវិជ្ជមាន ក៏ដូចជាទទួលបាននូវការការពារសិទ្ធិពួកគេផងដែរ។
ការប្រកាសដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។
ក្រមសីលធម៌នេះ គឺជាឧបករណ៍មួយដែលអាចអនុវត្តបានដោយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់ ដោយបានដាក់ចេញនូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។
ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការការពារ ការលើកកម្ពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស។
លើសពីនេះទៀត នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៍ សម្រាប់ពលករទេសន្តរប្រវេសន៍អាចបញ្ជាក់បាន អំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។
តំណាងជាន់ខ្ពស់របស់អង្គការ ILO លោកស្រី Anna Engblom បានលើកឡើងថា ពិធីដាក់ឲ្យផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជានាថ្ងៃនេះថា ផលប្រយោជន៍នឹងទទួលបានដល់ប្រទេសដែលបញ្ជូនទៅផង និងប្រទេសដែលជាគោលដៅទទួលផង។
ចំណែកលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងដែរថា ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា នៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយប្រទេសអូស្ត្រាលី ជាមួយប្រទេសជាសមាជិកអាស៊ានបានខិតខំលុបបំបាត់ពលករទេសន្តប្រវេសន៍ ដូចជា ការយកថ្លៃហួសហេតុ ការយកជំនួសកិច្ចសន្យា ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សជាដើម។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបន្តថា ក្រសួងការងារបានបន្តខិតខំយកចិត្តទុកដាក់ដល់ពលករដែលធ្វើការនៅក្រៅប្រទេស និងពង្រីកទីផ្សារនៅក្រៅប្រទេស ដោយបន្តផ្ដល់សេវា ៥យ៉ាង ជូនពលករកម្ពុជានៅឯបរទេស៖
ទី១៖ អនុវត្តសេចក្តីថ្លៃងការណ៍អាស៊ានស្តីពី ការការពារនិងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។ បាននិងកំពុងខិតខំជួយពលករដែលធ្វើការនៅបរទេស ដើម្បីធានានូវផលប្រយោជន៍ស្របច្បាប់។ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនស្របច្បាប់។ ចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូតនៃ ប្រទេសដែលមានពលករ ដូចជាថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន។
ទី២៖ សហការជាមួយប្រទេសដៃគូ ក្នុងការទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជាកម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ដូចជាជាងកំបោរ និងតបណ្តាញអគ្គិសនី។ នៅសាធារណរដ្ឋកូរ៉េ ផ្តល់ឱកាសឱ្យពលករទៅរៀនបន្ថែមនៅ តាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់។ បន្ទាប់ពី ត្រឡប់មកប្រទេសកម្ពុជាវិញ អាចមានជំនាញច្បាស់លាស់។
ទី៣៖ កំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម
ទី៤៖ កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធនិវត្តដោយពលករអាចផ្ទេរ សមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ
បន្ទាប់ពីចប់កិច្ចសន្យាការងារ និងដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធនិវត្ត។
ទី៥៖ បានសម្រួលបែបបទជូនពលករធ្វើការនៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេស ធ្វើជាតំណាង សម្រាប់ស្នើសុំធ្វើលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ដោយមិនចាំបាច់សាមីខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់៕