(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងសវនាការនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានបដិសេធសំណើរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលស្នើឱ្យមានអ្នកជំនាញអក្សសាស្រ្តបកស្រាយចំពោះពាក្យ «គេ» ដែលនិយាយដោយ លោក កឹម សុខា ក្នុងវីដេអូរបស់ខ្លួន កាលពីឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលី។
ចំពោះពាក្យ «គេ» ដែលលើកឡើងដោយ លោក កឹម សុខានេះ តំណាងអយ្យការ និងមេធាវីរាជរដ្ឋាភិបាលយល់ឃើញថា ជាការសំដៅទៅលើរដ្ឋាភិបាលបរទេសមួយ ប៉ុន្តែនៅពេលសួរដេញដោលទៅលើ លោក កឹម សុខា នៅព្រឹកមិញនេះ លោកអះអាងថា ពាក្យថា «គេ» នោះ គឺសំដៅលើពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។
លោក គី តិច មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរយៈពេល១ព្រឹក នាថ្ងៃពុធនេះថា៖ «តំណាងអយ្យការបានស្នើដល់ចៅក្រម ហៅអ្នកអក្សរសាស្រ្តដើម្បីបកស្រាយ។ ក្រុមប្រឹក្សាជំនុំជម្រះបានបដិសេធ ដោយអះអាងថា ក្រុមប្រឹក្សាជំនុំជម្រះ មានលទ្ធភាពកំណត់បានចំពោះពាក្យ “គេ”នេះ»។
សូមបញ្ជាក់ថា នៅក្នុងសវនាការនៅព្រឹកថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជម្រះ បានបន្តសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ ការសួរដេញដោលនឹងបន្តនៅសវនាការនារសៀលនេះថែមទៀត លើអង្គហេតុថ្មីទៀត គឺការសួរដេញដោលលើសកម្មភាពរបស់ លោក កឹម សុខា ពីឆ្នាំ២០០៧ ដល់២០១២។
នៅព្រឹកនេះ ជនជាប់ចោទ កឹម សុខា បានថែមមេធាវីរបស់គាត់មួយរូបទៀត ដើម្បីតតាំងក្តីចំពោះសំនុំរឿងក្បត់ជាតិ នោះគឺលោក អាង ឧត្តម ដែលធ្វើឱ្យមេធាវីរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិឡើងដល់ ៩រូបផងដែរ គិតរហូតមកដល់ពេលនេះ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។ លោកត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបអនុញ្ញាតដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលពេលនោះ លោក កឹម សុខា មិនអនុញ្ញាតឱ្យជួបអ្នកពាក់ព័ន្ធនឹងបទល្មើស ឬចាកចេញពីផ្លូវដែលតុលាការកំណត់ឡើយ។
រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយសារ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
លក្ខខណ្ឌថ្មី នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យថ្មីនេះ រួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕