(កណ្ដាល)៖ មន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់ បានបង្ហាញចរិកទំនើងដោយបើករថយន្តកៀរ និងបុករថយន្ដរបស់អ្នកដំណើរផ្សេងទៀត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ហើយថែមទាំងវាយដំទៀតផងដោយមិនខ្លាច ឬញញើតច្បាប់ទាល់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅចំណុចផ្លូវស្អាងភ្នំ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ថាដើមចមនៃរឿងនេះផ្ដើមចេញអីរឿងអ្វីឲ្យប្រាកដ។
តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព មន្ដ្រីនគរបាលបង្កខាងលើបើករថយន្ដម៉ាក Honda CRV ពណ៌ទឹកប្រាក់។ ដោយឡែក រថយន្ដរបស់ជនរងគ្រោះម៉ាក Lexus RX330 ពាក់ផ្លាកលេខភ្នំពេញ2AX-9631។
មន្ដ្រីនគរបាលរូបនេះ ត្រូវបានគេទម្លាយថា ឈ្មោះ ហែន លីណា អាយុ៣១ឆ្នាំ ទីលំនៅភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ឋានន្ដរស័ក្ដិ អនុសេនីយ៍ឯក (ស័ក្ដិ៣) បម្រើការងារនៅការិយាល័យចាត់តាំងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអះអាងថា ដំបូងឡើងគេឃើញរថយន្ដរបស់ជនរងគ្រោះ បានពីមុនរថយន្ដមន្ដ្រីនគរបាល លុះដល់កន្លែងកើតហេតុ ស្រាប់តែមន្ដ្រីនគរបាលបើករថយន្ដវ៉ា កាក់ពីមុនរថយន្ដជនរងគ្រោះដើម្បីឲ្យឈប់។ ពេលនេះមន្ដ្រីនគរបាលខាងលើ បានថយរថយន្ដមកបុករថយន្ដជនរងគ្រោះ និងចុះពីលើរថយន្ដវាយទាំងកម្រោលមកលើជនរងគ្រោះតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មាន ក្រោយបង្កហេតុភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសួរនាំ ប៉ុន្ដែនៅពេលទៅដល់កន្លែងសមត្ថកិច្ច មន្ដ្រីនគរបាលបង្កហាក់មិនព្រមសហការនោះទេ ហើយថែមទាំងបង្កហិង្សាមកលើសាច់ញាតិរបស់ជនរងគ្រោះបន្ថែមទៀតផង។
យ៉ាងណាមិញ សម្រាប់សកម្មភាពទាំងអស់នេះ ត្រូវបានជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងចំនួន ២ករណីតែម្ដង ដោយទី១៖ បណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍ និងទី២៖ បណ្ដឹងរឿងបង្កហិង្សា។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅសង្ឃឹមថា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល នឹងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីរកមូលហេតុ និងឈានទៅចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ដ្រីនគរបាលខាងលើ ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌ផងដែរ។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីមន្រ្តីនគរបាលដែលរងការចោទប្រកាន់នោះនៅឡើយទេ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ៕