(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះឡើយ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា ការចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឱ្យមានការភាន់ច្រឡំដល់ពលរដ្ឋកាន់តែខ្លាំងឡើង។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិតនេះអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយថា មានករណីជំងឺផ្លូវដង្ហើមថ្មី២ករណីនៅលើខ្លួនជនជាតិចិន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ។
រហូតមកដល់ពេលនេះ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាល កម្ពុជាទើបនឹងមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ១ករណីតែប៉ុណ្ណោះ។ មេរោគនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលធ្វើដំណើរពីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន ចូលមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនរូបនោះ មកជាមួយក្រុមគ្រួសារ៣នាក់ទៀត ប៉ុន្តែក្រុមគ្រួសាររបស់គាត់ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាបានឆ្លងជំងឺកាចសាហាវនេះឡើយ។
ពាក់ព័ន្ធនឹង ស្ថានភាពជំងឺជនជាតិចិនខាងលើនេះវិញ រហូតមកទល់ពេលនេះ ស្ថានភាពជំងឺពុំមានលក្ខណៈធ្ងន់ធ្ងរឡើយ ហើយកំពុងវិលទៅរកភាពប្រសើរឡើង៕