(កំពង់ឆ្នាំង)៖ បច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញមានការដាក់តាំងលក់ផើងផ្កា ដែលជាការរកឃើញថ្មីរបស់ពលរដ្ឋ ធ្វើអំពីកន្សែងពោះគោ និងកំណាត់ភួយ រួមនិងស៊ីម៉ងត៍ បង្កើតជាផើងផ្កាយ៉ាងស្រស់ស្អាត ដាក់តាំងលក់នៅតាមបណ្តោយផ្លូវជាតិ ដើម្បីលក់ឲ្យអ្នកធ្វើដំណើរ តាមដងផ្លូវខាងលើនេះ។
អ្នកប្រកបមុខរបរនេះ បាននិយាយថា ជាមោទនភាពណាស់សម្រាប់ពួកគាត់ ចំពោះផលិតផលជាការរកឃើញថ្មីនេះ ព្រោះលក់ដាច់ខ្លាំងណាស់។ គ្រួសារមួយរស់នៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ បាននិយាយថា ការធ្វើផើងផ្កាដែលគេយកកន្សែងពោះគោ ឬយកកំណាត់ភួយ មកជ្រលក់ជាមួយស៊ីម៉ងត៍ ដើម្បីធ្វើផើងផ្កានោះ គ្រាន់តែជាលក្ខណៈគ្រួសារ ក្នុងការដាំដើមផ្កាលម្អក្នុងគេហដ្ឋានតែប៉ុណ្ណោះ វាមិនមានគុណភាព ដែលរក្សាក្នុងការប្រើប្រាស់ បានយូរអង្វែងនោះឡើយ វាក៏អាចនឹងបែកដាច់ចេញពីគ្នាផងដែរ។
ចំណែកបុរសម្នាក់ទៀត ដែលជាអ្នកផលិតផើងផ្កាធ្វើអំពីកំណាត់ភួយចាស់ៗខាងលើនេះដែរ មានទីលំនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ បានឲ្យដឹងថា គាត់ចេះផលិតផើងផ្កាតាមបែបថ្មីនេះ ពីប្រទេសម៉ាឡេស៊ី ខណៈដែលគាត់បានទៅធ្វើជាកម្មករសំណង់នៅទីនោះ ត្រូវបានមេជាង ជាជនជាតិម៉ាឡេស៊ី បានបង្ហាត់ឲ្យគាត់ចេះអំពីរបៀបធ្វើផើងផ្កាតាមបែបសម័យមួយនេះ។
លោកបានបញ្ជាក់ថា ការធ្វើដោយកន្សែងពោះគោ មិនមានគុណភាពនោះទេ ដោយសារតែទឹកស៊ីម៉ងត៍ វាកាត់អំបោះឲ្យពុកផុយពេលបែកវានឹងដាច់ចេញពីគ្នា។ ចំណែកគាត់បានយក វត្ថុធាតុម្យ៉ាងដើម្បីយកមកធ្វើ ដែលមិនងាយដាច់ចេញពីគ្នាឡើយ បើធ្លាក់គ្រាន់តែស្រាំប៉ុណ្ណោះ។
គាត់ថា អ្នកធ្វើផើងនេះ បើចង់បានគុណភាពត្រូវជ្រើសយកក្រណាត់ស្វិតមកធ្វើ ទើបមានគុណភាពល្អ។ សព្វថ្ងៃថ្វីបើគាត់ធ្វើយឺតជាងគេបន្តិចមែន ប៉ុន្តែគុណភាពផើងផ្កា របស់គាត់រឹងមាំល្អ មានអតិថិ ជន មកកុម្ម៉ង់ទិញជាច្រើន សព្វថ្ងៃទាំងរូបគាត់និងគ្រួសារ សឹងតែធ្វើមិនទាន់ឲ្យគេផង។ បច្ចុប្បន្ននេះគាត់កំពុងតែផលិតនូវផើងផ្កាមួយបែបទៀត ជារបៀបកំណាត់គល់ឈើ ដែលមានភាពស្រស់ស្អាតនិងទាក់ទាញជាងមុន។
គាត់បន្តថា រាល់ថ្ងៃនេះ គាត់មមាញឹកណាស់ គាត់ផលិតលក់ឲ្យគេមិនទាន់ទេតែទោះជាយ៉ាងណា គ្រួសាររបស់គាត់ត្រូវតែប្រឹងប្រែងធ្វើដោយគ្មានពេលសម្រាកឡើយ ព្រោះពួកគាត់ពឹងលើមុខរបរធ្វើផើងផ្កា អំពីស៊ីម៉ង់ត៍នេះឯង។
គួរបញ្ជាក់ដែរថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីស្រុករលាប្អៀរខាងត្បូង ដល់ស្រុករលាប្អៀរខាងជើងកន្លែង ដែលមានលក់វត្ថុអនុស្សាវរីយ៍ សុទ្ឋតែមានតាំងលក់ផើងផ្កាសម័យថ្មីនេះ ហើយផើងផ្កានេះដែរមានអតិថិជនទិញជាច្រើន សម្រាប់យកទៅដាំផ្កាលំអរតាមគេហដ្ឋាន៕