(ភ្នំពេញ)៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្ត បន្ទាប់ពីប្រពន្ធផិតក្បត់ ទៅមានប្រុសថ្មី ធ្វើឲ្យគាត់លែងចង់រស់តទៅទៀត ក៏សម្រេចចិត្តឡើងទៅលើដងសន្ទូចសម្រាប់ស្ទូចសម្ភារសំណង់ នៅការដ្ឋានសំណង់ស្ពានអាកាស រង្វង់មូលចោមចៅ ដើម្បីលោតសម្លាប់ខ្លួន។ ប៉ុន្តែមិនបានសម្រេចឡើយ ដោយបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ និងនគរបាលចរាចរ ដែលប្រចាំការជិតនោះ ព្រមទាំងអ្នកនៅលើដងសន្ទូចនោះ ស្រែកលួងលោមឲ្យចុះមកវិញ ទើបបុរសនេះ ចុះក្រោមវិញតាមសម្រួល បន្ទាប់មកសាច់ញាតិ បាននាំយកត្រឡប់ទៅវិញ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ ស្ពានអាកាសរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បុរសខាងលើ ឈ្មោះ សារុន ឈីត អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពុំដឹងថា បុរសនេះដើរមកពីខាងណានោះទេ ស្រាប់តែឃើញរត់ឡើងទៅលើដងសន្ទូចនោះយ៉ាងលឿន។ ខណៈនោះ ដោយសារតែខ្លាចធ្លាក់មក មានគ្រោះថ្នាក់ដល់ជីវិត ព្រោះដងសន្ទូចនោះខ្ពស់ណាស់ ទើបនាំគ្នាស្រែកឲ្យចុះ ប៉ុន្តែពេលនោះបុរសខាងលើ មិនព្រមចុះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ខណៈនោះ កម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលប៉ុស្តិ៍ចោមចៅ ក៏បានចុះទៅកាន់ទីនោះ ស្រែកលួងលោមឲ្យចុះ ចំណែកអ្នកបញ្ជាដងសន្ទូច ក៏បានជួយស្រែកឲ្យចុះដែរ ទើបបុរសនោះ ព្រមចុះមកវិញតាមសម្រួល។ ហើយគាត់ បាននិយាយប្រាប់នគរបាលថា គាត់មានវិបត្តិផ្លូវចិត្ត ដោយគាត់បានទៅរកស៊ី នៅប្រទេសថៃ ហើយមានប្រពន្ធនៅទីនោះ បានកូន២នាក់ ប៉ុន្តែប្រពន្ធបានផិតក្បត់ ទៅមានប្រុសថ្មី ទើបខ្លួនតូចចិត្តលែងចង់រស់ និងរត់ឡើងលើដងស្ទូច ដើម្បីលោតសម្លាប់ខ្លួន៕