(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងកម្ពុជា រក្សាសន្តិភាពអង្គការសហប្រជាជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជូនដំណើរកងវិស្វកម្មលេខ៣៩៦ សរុបចំនួន១៨៤នាក់ នារី២៤នាក់ ចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។
ពិធីជូនដំណើរនេះ បានធ្វើឡើងនៅសាលារក្សាសន្តិភាព (ខេត្តកំពង់ស្ពឺ) ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងនាយទាហានយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាឆ្នាំទី១៤ហើយ ដែលកម្ពុជាបានបញ្ចូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន ១២៣នៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន ០៨ប្រទេសរួមមាន៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល សរុបចំនួនជាង៦,៥៥៧នាក់។
ជំនាញដែលកងកម្លាំងរបស់កម្ពុជាបានបំពេញនោះរួមមាន៖ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា ក្នុងរយៈពេល១៤ឆ្នាំ កម្ពុជា ទទួលបានស្នាដៃយ៉ាងធំធេងជាច្រើន និងបានលើកកម្ពស់កិត្តិយសជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកម្លាំងរបស់ខ្លួនជាច្រើនពាន់នាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕