(កណ្តាល)៖ ដើម្បីលើកកំពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវអំពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក បានសហការជាមួយគណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាល្ងាចថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានប្រារព្ធកម្មវិធី «វត្តបដិបត្តិធុតង្គសមាធិ និងឈ្វេងយល់បុណ្យមាឃបូជា» នៅវត្តកោះប្រាក់ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីលោក អៀង សុធារ៉ា នាយកក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក, ព្រះវិជ័យញាណ យុង កុសល ព្រះរាជាគណៈ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូចៅអធិការវត្តកោះប្រាក់, ព្រះយសមុនី ជីម ទី ព្រះរាជាគណៈនៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិបស្សនាចារ្យ ទុំ វចនា រួមទាំងមានពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សានុសិស្សជិត ១,០០០អង្គ/នាក់ផងដែរ។
ព្រះវិបស្សនាចារ្យ ទុំ វចនា មានសង្ឃដីការថា មាឃបូជា ជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធសាសនា ដែលប្រាព្ធនៅថ្ងៃ១៥ កើតខែមាឃ ជារៀងរាល់ឆ្នាំដោយនៅក្នុង ឆ្នាំនេះត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងថ្ងៃនេះកាលពីប្រមាណជា ២,៦០៨ឆ្នាំមុន ព្រះសម្មាសម្ពុទ្ធជាបរមគ្រូ បានប្រារព្វធ្វើមហាសន្និបាត ដើម្បីប្រកាសពីពាក្យប្រៀនប្រដៅរបស់ព្រះអង្គចំនួន១១ប្រការ ដល់សមាជិកមហាសន្និបាតចំនួន ១,២៥០រូប ដោយពាក្យប្រៀនប្រដៅទាំង១១ប្រការនេះ បានក្លាយទៅជាជ គោលពុទ្ធសាសនា ទុកបន្តរហូតមកដល់សព្វថ្ងៃនេះ។ ថ្ងៃនោះផងដែរ ជាថ្ងៃដែលព្រះបរមគ្រូបានប្រកាសថា ព្រះអង្គនឹងចូលព្រះបរិមហានិព្វាន (មរណភាព) នៅពេល៣ខែទៅខាងមុខនេះ (១៥កើត ខែវិសាខ ឬ វិសាខបូជា)។
ព្រះវិបស្សនាចារ្យ ទុំ វចនា មានសង្ឃដីការបន្ថែមទៀតថា កម្មវិធីល្វែងយល់អំពីបុណ្យមាឃបូជានាឆ្នាំនេះ ប្រារព្ធឡើងជាឆ្នាំទី២ បន្ទាប់ពីបានទទួលនូវការ គាំទ្រ ពីសំណាក់អ្នកចូលរួមក្នុងកម្មវិធីឈ្វេងយល់មាឃបូជា វិសាខបូជា និងអាសាឡូបូជា កាលពីព.ស ២៥៦២ ឆ្នាំ២០១៩ ហើយសុំឲ្យក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំឲ្យបានរៀងរាល់ឆ្នាំទៀតផងដែរ។
លោក អៀង សុធារ៉ា បានឱ្យដឹងដែរថា ការរៀបចំកម្មវិធីនេះ«បដិបត្តិធុតង្គសមាធិ និងឈ្វេងយល់បុណ្យមាឃបូជា» នេះមានគោលបំណងលើកកំពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តាមរយៈពិធីបុណ្យមាឃបូជា និងពិធីបុណ្យដទៃទៀតដូចជា
បុណ្យវិសាខបូជា និងបុណ្យអាសាឡូបូជាជាដើម ហើយបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធសាសនា ប្រាព្ធនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ។
កម្មវិធីឈ្វេងយល់នេះនឹងប្រារព្ធមុនថ្ងៃមាឃបូជា នៅតាមខេត្តក្រុងចំនួន១២កន្លែងផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប បាត់ដំបង និងកំពង់ឆ្នាំង បន្ថែមទៀត ដើម្បីឲ្យពុទ្ធបរិស័ទមានការយល់ដឹងជាបឋម មុននឹងអញ្ជើញទៅតាមវត្តនានា ដែលជាទីពេញចិត្តរបស់ពុទ្ធបរិស័ទ ដើម្បីប្រាព្ធពិធីបុណ្យមាឃបូជា តាមបែបប្រពៃណី។
លោក អៀង សុធារ៉ា បានបន្តថា ក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក នឹងនៅតែប្តេជ្ញាបន្តធ្វើកម្មវិធីឈ្វេងយល់នេះនៅឆ្នាំជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ ពីសារៈសំខាន់នៃថ្ងៃសំខាន់ទាំងបី និងមានជំនឿជឿជាក់ថា កម្មវិធីនេះនឹងលើកស្ទួយការបដិបត្តិតាមឱវាទ ព្រះពុទ្ធសាសនាបានកាន់តែប្រសើរឡើង ដើម្បីចិរភាពនៃសេចក្តីសុខសប្បាយ ជាសន្តិភាព និងវឌ្ឍនភាពក្នុងសង្គមខ្មែរតទៅ។
សូមជម្រាបថា មានព្រះសង្ឃប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចូលរួមក្នុងកម្មវិធីឈ្វែងយល់ទាំងបីកាលពីឆ្នាំ២០១៩ មានប្រមាណ៦ពាន់នាក់ នៅក្នុងខេត្តកណ្តាល រាជធានីភ្នំពេញ ព្រៃវែង បាត់ដំបង សៀមរាប និងកំពង់ធំ។ ក្នុងឆ្នាំនេះក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក ក៏បានបោះពុម្ពសៀវភៅ «ឈ្វេងយល់មាឃបូជា ទិវាកំណើតពុទ្ធសាសនា ក្នុងឋានៈជាអង្គការចាត់តាំង» ដែលនិពន្ធរៀបរៀងឡើងដោយលោកធម្មបណ្ឌិត ហេង មណីចិន្តា សម្រាប់ចែកប្រគេន និងជូនពុទ្ធបរិសទ័ សិស្សានុសិស្ស ដើម្បីអានបង្កើននូវការយល់ដឹងបន្ថែមទៀតផងដែរ៕