(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា សូមបដិសេធភ្លាមៗចំពោះព័ត៌មានដែលបានផ្សព្វផ្សាយនៅព្រឹកនេះថា មានជនជាតិចិន២នាក់ ឆ្លងជំងឺរលាកសួត កូរ៉ូណា នៅខេត្តកោះកុង ករណីនេះមិនមែនជាការពិតនោះទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ពូបានបញ្ជាក់ទៅខេត្តកោះកុងហើយ ពុំមានករណីជនជាតិចិន២នាក់ ឆ្លងជំងឺរលោកសួតកូរ៉ូណា នៅខេត្តកោះកុងនោះទេ សូមបដិសេធព័ត៌មានទាំងនោះ»។
ការថ្លែងទាត់ចោលភ្លាមៗចំពោះព័ត៌មានបំផ្លើសការពិតនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានសរសេរថា មានករណីឆ្លងមេរោគកូរ៉ូណា ២នាក់នៅខេត្តកោះកុង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺរលាកសួត កូរ៉ូណា តែមួយនាក់ នៅខេត្តព្រះសីហនុ។