(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ដែលមានទិសដៅចម្បង គឺបន្តលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនជនបទ ដោយផ្តោតលើកម្មវិធីចំនួន៤។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមជាអធីបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានលើកឡើងថា ក្រសួងបានបំផុស និងប្រមូលផ្តុំគំនិតច្នៃប្រឌិត និងបទពិសោធន៍នានា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ រួមគ្នាចងក្រងបាន ជាផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជនបទ សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ដែលមានទិសដៅចម្បង គឺបន្តលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជនជនបទ ដោយផ្តោតលើកម្មវិធី៤ មានជាអាទិ៍៖

ទី១៖ ពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងក្រសួងគាំទ្រ ដល់កម្មវិធីអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ចល្អ ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ សំដៅរួមចំណែក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ និងកំណែទម្រង់ដ៏ទៃទៀតឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។

ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍បន្ថែមទៀត ឲ្យដល់គ្រប់ច្រកល្ហក នៃតំបន់ជនបទ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី៣៖ កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ សំដៅធ្វើឲ្យប្រសើរឡើង នូវគុណភាពនៃការរស់នៅប្រកបដោយផាសុខភាព។ តំបន់ជនបទនឹងគ្របដណ្តប់ទៅដោយ ភូមិឃុំមានបរិស្ថានរស់នៅស្អាតបាត ទទួលបានសេវាចាំបាច់ជាច្រើន ដែលជាផ្នែកមួយជួយជំរុញ ឲ្យមានរបៀបរស់នៅបែបទំនើប។

ទី៤៖ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ក្នុងន័យបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច ឲ្យមានរូបភាពចម្រុះ ដោយគិតតាំងពីរបរកសិកម្ម និងមិនមែនកសិកម្មនៅ តាមសហគមន៍ជនបទ ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ បង្កើនប្រាក់ចំណូល គ្រួសារនីមួយៗនៅជនបទ។

លោករដ្ឋមន្ដ្រី បានឲ្យដឹងថា យោងតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ដល់ប្រមាណជា ៥៨.៧% នៅឆ្នាំ២០១៧។ តាមការវាយតម្លៃ គិតដល់ដំណាច់ ឆ្នាំ២០១៩ ប្រជាជន ជនបទប្រមាណ៧០% ទទួលបានទឹកស្អាត។ អាត្រានៃការទទួលបានសេវាសំអាត និងអនាម័យបានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើងពី ២៩.២% នៅឆ្នាំ២០១០ ដល់៧១.២% នៅឆ្នាំ២០១៧។

ដោយឡែកអត្រា នៃការបន្ទោរបង់ពាសវាលពាសកាល បានថយចុះ ជិត៤០% ដោយធ្លាក់ចុះពី ៦៥.៧% នៅឆ្នាំ២០១០ មកត្រឹម២៥.៤% នៅឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៩ ប្រជាជនជនបទ៨០% មានបង្គន់អនាម័យប្រើប្រាស់។ នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បែរឆ្ពោះទៅរកភាពចាំបាច់ ក្នុងការបន្តលើកកម្ពស់គុណភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ការទទួលបានទឹកស្អាត ប្រកបដោយសុវត្ថិភាព និងការលើកកម្ពស់ ការសម្អាតនិងអនាម័យជនបទ ការរៀបចំភូមិនិងលំនៅឋានឲ្យបានស្អាតបាត៕