(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ រយៈពេល១ថ្ងៃពេញ។
សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០នេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, តំណាងក្រសួង ស្ថាប័នចំណុះ រាជរដ្ឋាភិបាល, លោក-លោកស្រី អភិបាលរាជធានី-ខេត្ត, ទីប្រឹក្សា អគ្គនាយក អគ្គាធិការ ដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទ ក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូប។
តាមរបាយការណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ បានរួមចំណែកយ៉ាងសកម្ម ក្នុងសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅ នៃចក្ខុវិស័យតាមកម្មវិធីអភិវឌ្ឍជនបទចម្រុះ ធ្វើឲ្យសម្រេចបាន នូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើន ជំរុញឲ្យមានការផ្លាស់ប្តូរ ជីវភាពរស់នៅដោយផ្ទាល់ របស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។
ប្រជាជននៅតំបន់ជនបទ ក្រៅពីការធ្វើស្រែចំការ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ បានឆ្លៀតប្រកបមុខរបរសិប្បកម្ម ធ្វើអាជីវកម្មលក់ដូរ និងផ្តល់សេវាកម្មយកកម្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ។
ជាងនេះទៅទៀត ជនបទបច្ចុប្បន្ន មានលំនៅដ្ឋានសមរម្យ មានចរន្តអគ្គិសនី ទឹកស្អាត បង្គន់អនាម័យ ផ្លូវគមនាគមន៍ ប្រព័ន្ធព័ត៌មានវិទ្យាកាន់តែសម្បូរបែប ដែលកំពុងនាំមកនូវរបៀបរស់នៅ ដែលមានលក្ខណៈកាន់តែស៊ីវីល័យ ប្រហាក់ប្រហែល នឹងទីប្រជុំជនដែរ។
ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យក «ភាពចាំបាច់ ក្នុងការបន្តលើកកំពស់គុណភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ការទទួលបានទឹកស្អាត ប្រកបដោយសុវត្ថិភាព និងការជំរុញការលើកកំពស់អនាម័យជនបទ» ជាទិសដៅចម្បងរបស់ខ្លួន សំដៅរួមចំណែក ធ្វើឲ្យសម្រេចបាននូវ៖
* ការបន្តជំរុញការអភិវឌ្ឍជនបទឲ្យរស់រវើក ដោយបន្តវិនិយោគលើផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច
* ការពង្រីកការគ្របដណ្តប់ ការប្រើប្រាស់អគ្គិសនី
* ការពង្រីកការទទួល បានទឹកស្អាត
* ការលើកកំពស់អនាម័យ
* ការរៀបចំភូមិ និងលំនៅឋាន ព្រមទាំងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តចលនាភូមិមួយផលិតផលមួយ និងចលនាភូមិថ្មី ដែលមានចែងនៅចំណុចទី១០ មុំទី១ ក្នុងចតុកោណទី៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ក្នុងស្មារតីខាងលើនេះ ក្រសួង បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជនបទឆ្នាំ២០១៩-២០២៣ ដោយផ្តោតជាសំខាន់លើ ១៖ ពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស, ២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, ៣៖ លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ និង៤៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច នៅតំបន់ជនបទ៕