(ភ្នំពេញ)៖ សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបន្តបើកសវនាការជំនុំជម្រះទៀត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅសាលាដំបូងរាជធានីភ្នំពេញ។
នេះជាសប្តាហ៍ទី៣ និងជាលើកទី៧ នៃសវនាការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា ដែលជាមូលហេតុចម្បងនាំឱ្យមានការរំលាយគណបក្សសង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្នុងសវនាការនេះមានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា ក្នុងសវនាការរយៈពេល២សប្តាហ៍កន្លងទៅ អង្គជំនុំជម្រះបានពិភាក្សាដេញដោល ទៅលើភស្តុតាងថ្មីដែលដាក់ដោយលោក កឹម សុខា។ ភស្តុតាងថ្មីនេះ គឺជាវីដេអូរយៈពេលមួយម៉ោងដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣ ហើយក៏ជាវីដេអូមួយ ដែលបានទាញលោក កឹម សុខា ឱ្យក្លាយទៅជាជនជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិ។
សម្រាប់លោក គី តិច មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីដើមបណ្តឹងរដ្ឋប្បវេណី បានចាត់ទុកថា ភស្តុតាងវីដេអូវែងនេះ ពុំមានការខុសប្លែកពីភស្តុតាងវីដេអូខ្លី ដែលនាំឱ្យមានការចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ២០១៧ឡើយ។ ម្យ៉ាងវិញទៀត ភស្តុតាងវីដេអូវែងដែលដាក់ ដោយលោក កឹម សុខានេះ អាចនឹងក្លាយជាភស្តុតាងដាក់បន្ទុកសម្រាប់ លោក កឹម សុខា មិនឱ្យរួចខ្លួនឡើយ។
កាលពីសប្តាហ៍មុន បន្ទាប់ពីផ្អាកការជំនុំជម្រះ លោក គី តិច បានឆ្លៀតថ្លែងអំណរគុណដល់ ទណ្ឌិត សម រង្ស៉ី ដែលបានផ្តល់ភស្តុតាងបន្ថែមទៀត ដើម្បីជួយដាក់បន្ទុកលើ លោក កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសថែមទៀត។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបង្ហាញរូបថត និងឯកសារមួយចំនួន តាមបណ្តាញសង្គម Facebook របស់លោក និងវិទ្យុអាស៊ីសេរី ដើម្បីជំរុញឱ្យ តុលាការក្រុងភ្នំពេញ កាត់ទោសលោកក្នុងសំណុំរឿងក្បត់ជាតិនេះដូច លោក កឹម សុខា ដែរ ដោយសារតែ លោកគឺជាមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ មុនត្រូវតុលាការកាត់ទោសរំលាយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។ លោកត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបអនុញ្ញាតដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលពេលនោះ លោក កឹម សុខា មិនអនុញ្ញាតឱ្យជួបអ្នកពាក់ព័ន្ធនឹងបទល្មើស ឬចាកចេញពីផ្លូវដែលតុលាការកំណត់ឡើយ។
រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយសារ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
លក្ខខណ្ឌថ្មី នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យថ្មីនេះ រួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕