(ភ្នំពេញ)៖ ដើម្បីជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតាមដានករណីជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី, លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង៦៖៣០នាទីថ្ងៃនេះ ស្ថានភាពអ្នកជំងឺ ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលរលាកសួតដោយមេរោគកូរ៉ូណា គឺមានសុខភាពល្អធម្មតា ខណៈអ្នកដែលបានជិះយន្តហោះជាមួយអ្នកជំងឺ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់នោះទេ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងយ៉ាងដូច្នេះថា «រហូតដល់ម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើង ដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅខេត្តព្រះសីហនុ គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ។ យើងបានរកឃើញអ្នកប៉ះពាល់ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះអ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញា អ្វីនៅឡើយដែរ។
«មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ ក៏គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥» នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ម ប៊ុនហេង។
ជាមួយនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លង ជំងឺរលាកសួតដោយ វីរុសកូរ៉ូណាថ្មី ដែលបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ដោយអនុវត្តនូវវិធានការដូចតទៅ៖
១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕