(កណ្ដាល)៖ សិស្សានុសិស្ស អាជីវករផ្សារ និងតាមរម្មណីយដ្ឋានលំហែ ២កន្លែង ក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានទទួលម៉ាស់ពីលោក អ៊ាវ ចំរើន ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន ឃុំស្អាងភ្នំ ដោយឥតគិតថ្លៃដើម្បីពាក់ទប់ស្កាត់ការរីករាលដាល នៃជំងឺរលាកផ្លូវង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។
ការចែកជូនម៉ាស់ និងរួមទាំងចុះផ្សព្វផ្សាយ អំពីការធ្វើអនាម័យខ្លួនប្រាណក្នុងឃុំស្អាងភ្នំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងយុវជនឃុំផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសឱ្យដឹងពីការរកឃើញបុរសជនជាតិចិនម្នាក់ មកពីទីក្រុងវូហាន កើតមានជំងឺផ្លូងដង្ហើម «កូរ៉ូណាវីរុស»។
ជនជាតិចិនដែលរកឃើញកើតជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត។ ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានេះ និងក្រុមគ្រួសារ បានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញា នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។
បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យក្នុងបន្ទប់មួយដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ មកដល់ថ្ងៃនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា ស្ថានភាពជំងឺរបស់បុរសរូបនេះស្ថិតក្នុងស្ថានភាពដដែលមិនមានការវិវឌ្ឍន៍នោះទេ៕