(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលប្រកបរបវេជ្ជសាស្ត្រដោយគ្មានច្បាប់ អនុញ្ញាតិត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធិផលការងារប្រចាំឆ្នាំ២០១៩ របស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលបានធ្វើឡើងនៅក្នុង សាលប្រជុំមន្ទីរសុខាភិបាលខេត្ត លោក លឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ បានណែនាំឲ្យមន្ត្រីលេខាធិការដ្ឋាន ចុះទៅតាមមុខសញ្ញាទីតាំងផ្ទាល់ កន្លែងជាងធ្មេញ អ្នកចាក់ថ្នាំតាមផ្ទះ ដើម្បីចុះបិទនិងណែនាំវិធីដែលអាចប្រកបរបវេជ្ជសាស្ត្រនេះបាន តែបើករណីនៅតែលួចបើកឫប្រព្រឹត្តសកម្មភាពនេះទៀត ត្រូវធ្វើសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានោះត្រូវអនុវត្តសកម្មភាពបន្ទាន់ ឬភ្លាមៗសម្រាប់ទីតាំងខុសច្បាប់ បិទទីតាំងសុខាភិបាលខុសច្បាប់ដែលបានដឹងមុខសញ្ញា កសាងសំណុំរឿងទៅតុលាការករណីនៅតែបន្ត លួចបើកអាជីវកម្ម។ ការធ្វើសកម្មភាពបែបនេះ ដើម្បីពង្រឹងការងារបច្ចេកទេសរបស់ពួកគាត់ ឲ្យបានស្របច្បាប់ និងត្រឹមត្រូវទៅតាមបែបបទ ដែលក្រសួងសុខាភិបាលបានកំណត់។
លោក លឹម សុខតូ បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ត្រូវធ្វើផែនការបញ្ជូននឈ្មោះមន្ត្រីដែលត្រូវបណ្តុះបណ្តាលជាមន្ត្រីនគរបាលយុត្តិធម៌ទៅលោកអភិបាលខេត្ត ដើម្បីស្មើរបន្តទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងត្រូវរៀបចំផ្សព្វផ្សាយច្បាប់ នៃការប្រកបរបរវិជ្ជាជីវៈសុខាភិបាលទូទាំងខេត្តឧត្តរមានជ័យ និងសូមឲ្យអ្នកជំនាញមកចូលរួមផ្ទាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។
មន្ទីរសុខាភិបាលខេត្ត ត្រូវលើកទឹកចិត្តឱសថស្ថាន បន្ទប់ថែទាំ បន្ទប់ពិគ្រោះ មន្ទីរពេទ្យឯកជន បន្ទប់ព្យាបាលថែទាំមាត់ ធ្មេញដែលអនុវត្តបានល្អ។ ចំពោះសេវាឯកជនដែលជាមន្ត្រីយោធាគ្រប់ កម្រិតត្រូវ មានសញ្ញាបត្រត្រឹមត្រូវ ហើយករណីមិនគោរពតាមការណែនាំ ត្រូវធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ផងដែរ៕