(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមមន្ទីរ អង្គភាព អជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវរួមសហការការពារ និងបង្កាវីរុសកូរ៉ូណាដ៏កាចសាហាវនេះ កុំឲ្យកើតមានក្នុងខេត្តព្រះវិហារ។
ការអំពាវនាវពីលោកស្រី ចឹក ហេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកស្រីតំណាងឲ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីវិធានការ ការពារជំងឺរលាកសួតកូរ៉ូណា ដោយមានការចូលពីមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីរាជការជចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូបទៀត។
លោកស្រី ចឹក ហេង បានថ្លែងគូសបញ្ជាក់ពីការរីករាលដាលយ៉ាងឆាប់រហ័ស ពីជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណា បណ្តាលឱ្យបាត់បង់ជីវិតមនុស្សមួយចំនួនតូចនៅប្រទេសចិន និងនៅទូទាំងពិភពលោកកំពុងរកវិធានការការពារ។បន្ថែមលើសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លោកស្រីអភិបាលរងខេត្ត បានដាក់ចេញនូវវិធានការដ៏សំខាន់ៗ ដល់ក្រុង ស្រុកក៏ដូចមន្ទីរជំនាញ ត្រូវអនុវត្តឲ្យមានប្រសិទ្ធិខ្ពស់ក្នុងការទប់ស្កាត់ នូវជំងឺវីរុសថ្មីនេះ ក្នុងខេត្តព្រះវិហារ។
លោកស្រី បានដាក់ចេញវិធានការដូចខាងក្រោម៖
*១៖ រដ្ឋបាលក្រុង ស្រុកត្រូវបន្តចុះផ្សព្វផ្សាយ និងចាត់មន្រ្តីចុះអប់រំណែនាំដល់ប្រជាពលរដ្ឋអំពីជំងឺសួត ដែលបង្កដោយវីរុសកូរូណាថ្មីនេះ និងត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ក្នុងករណីសង្ស័យថាមានឆ្លងវីរុសនេះក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះច្រកទ្វាព្រំដែនដែលមានច្រកទ្វាអានសេះ និងស្រុកឆែបដែលជាប់ព្រំប្រទល់នឹងប្រទេសថៃ និងឡាវ ត្រូវពង្រឹងវិធានតឹងរឹង ក្នុងចេញចូលរបស់ប្រជាពលរដ្ឋទាំងនោះ។
*២៖ មន្ទីរសុខាភិបាលខេត្ត ត្រូវពង្រឹងមន្រ្តីនៅតាមមណ្ឌលសុខភាពក្រុងស្រុក ជាពិសេសត្រូវចាត់មន្រ្តីជំនាញនៅតាមបណ្តាក្រុងស្រុក ដោយសហការជាមួយអាជ្ញាធរក្នុងការចុះអប់រំណែនាំ ពីរបៀបនៃការអនាម័យ វិធានការការពារផ្សេងៗ ដើម្បីចៀសពីវីរុសដ៏កាចសាហាវនេះ។
*៣៖ មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវផ្សព្វផ្សាយណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀនគ្រប់ក្រុង ស្រុកទូទាំង ជាពិសេសកុមារ អំពីជំងឺបង្កឡើងដោយវីរុសកូរ៉ូណា និងវិធានការការពារ ផ្សេងៗតាមរយៈការអនាម័យខ្លួន ការពាក់ម៉ាស់ការពារជាដើម។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា មន្ទីរសុខាភិបាលខេត្ត បានកោះប្រជុំជាបន្ទាន់ ដើម្បីរៀបចំបន្ទប់ដោយឡែកនៅមន្ទីរពេទ្យ សម្រាប់អ្នកមានករណីសង្ស័យជំងឺនេះ និងរៀបចំចុះអប់រំដល់ប្រជាពលរដ្ឋ។ ជាពិសេស ប្រជាពលរដ្ឋដែលចេញ ចូល ឬក៏រស់នៅអានសេះ និងប្រជាពលរដ្ឋដែលរស់នៅក្បែរក្រុមហ៊ុន ដែលមានបុគ្គលិកជាជនជាតិចិន និងធ្វើការអប់តាមរយៈវិទ្យុក្នុងខេត្ត៕