(ភ្នំពេញ)៖ បាន៥០ភាគរយហើយ ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍគម្រោងយ៉ាងចាំបាច់បំផុតមួយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងទិសដៅរំដោះការកកស្ទះចរាចរណ៍ ពិសេសដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់ចេញពីលើអតីតផ្លូវរថភ្លើង ដើម្បីទទួលបានលំនៅដ្ឋានសមរម្យរស់នៅ លើការពន្លឿនឈូសឆាយ ចាក់ដីបំពេញ ដើម្បីបើកផ្លូវ ស្ថាបនាផ្លូវ និងបុកស៉ីផាយនៅតាមមាត់ប្រឡាយអូរវែង ត្រូវបានបញ្ចប់ជាស្ថាពរ មួយរយភាគរយ ក្នុងពេលខាងមុខ។
នេះបើតាមការបញ្ជាក់របស់លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្ដែង ចំពោះការដ្ឋានឈូសឆាយចាក់ដីបើកផ្លូវ ស្ថាបនាផ្លូវ និងបុកស៉ីផាយ នៅតាមមាត់ប្រឡាយអូរវែង ស្ថិតនៅខាងក្រោយវត្តទួលសន្តិវ័ន (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងស្ថិតនៅចំណុចស្ពានទ្រីភាព សង្កាត់ច្រាំងចំរេះទី១ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
លោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា ការឈូសឆាយចាក់ដីបំពេញ ដើម្បីបើកផ្លូវ ស្ថាបនាផ្លូវ និងបុកស៉ីផាយនៅតាមមាត់ប្រឡាយអូរវែង ដែលជាផែនការរួមមួយយ៉ាងចាំបាច់របស់សាលារាជធានីភ្នំពេញ មកទល់ពេលនេះ ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍន៍មូលដ្ឋានបាន៥០ភាគរយហើយ និងនៅតែបន្តពន្លឿនអនុវត្តយ៉ាងសកម្ម ក្នុងទិសដៅរំដោះការកកស្ទះចរាចរណ៍។
ពិសេសការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅរងផលប៉ះពាល់លើអតីតផ្លូវរថភ្លើង ឲ្យមករស់នៅតាមបណ្ដោយ មាត់ប្រឡាយអូរវែង ស្ថិតនៅខាងក្រោយវត្តទួលសន្តិវ័ន (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ រហូតទៅដល់ចំណុចស្ពានទ្រីភាព សង្កាត់ច្រាំងចំរេះទី១ គឺនិងត្រូវធ្វើឡើងនៅក្រោយពីមន្ត្រីជុំនាញ បញ្ចប់ការវាស់វែង បញ្ចប់ការស្ថាបនាផ្លូវចេញជារូបរាង និងការបុកស៉ីផាយបញ្ចប់ជាស្ថាពរ មួយរយភាគរយ ក្នុងពេលខាងមុខ៕