(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ជាអង្គភាពជាតិឈានមុខគេ ក្នុងការបម្រើការងារបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា។
សម្រាប់ការងារបោសសំម្អាតមីន CMAC មានអ្នកឯកទេសដែលមានចំណេះដឹង និងបទពិសោធន៍យ៉ាងស្ទាត់ជំនាញ, មានសម្ភារៈបច្ចេកទេស ដែលមានគ្រឿងចក្រកម្ទេចមីន រួមទាំងមានកណ្តុរ និងសុនខហិតមីន ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីន ទៅវិញទៅមក បានសេចក្តីថា ទាំងគ្រឿងចក្រ កណ្តុរ និងសុនខហិតមីន សុទ្ធតែមិនអាចខ្វះគ្នាបាន ទើបជួយការងារបោសសម្អាតមីនទទួលជោគជ័យ។
សម្រាប់ការប្រើប្រាស់សត្វកណ្តុរ និងសុនខហិតមីននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ ក្នុងវិស័យដោះមីនអះអាងថា កម្ពុជាជាប្រទេសឈានមុខគេលើពិភពលោក។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា «អង្គភាពស៊ីម៉ាក់ បាននាំមុខគេក្នុងពិភពលោក ក្នុងការប្រើប្រាស់សត្វកណ្តុរ និង សត្វសុនខហិតមីន ដោយក្នុងនោះអង្គភាពបានសហការយ៉ាងជិតសិ្នទ្ធជាមួយដៃគូជាអង្គភាពដោះមីនអន្តរជាតិ រួមមាន APOPO មកពីប្រទេសប៊ែលស្ស៊ិក និងអង្គការ NPA មកពីប្រទេសន័រវេស្ស»។
លោក ហេង រតនា បានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការ APOPO និងអង្គភាពស៊ីម៉ាក់ បានពង្រាយកំលាំងសត្វកណ្តុរហិតមីន និងសត្វសុនខហិតមីន នៅខេត្តសៀមរាប និងទិស ប្រាសាទព្រះវិហារ ហើយមានគំរោងពង្រីកកិច្ចប្រតិបតិ្តការនេះឲ្យកាន់តែធំទូលាយថែមទៀត។
សូមជម្រាបថា នៅឆ្នាំ២០១៩ ស៊ីម៉ាក់ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦,១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០,៦៦០គ្រាប់។
នៅក្នុងប្រតិបត្តិការឆ្នាំ២០១៩ ស៊ីម៉ាក់បានរំដោះផ្ទៃដីចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ៦៦,៩៦៦,៥៤៤ ម៉ែត្រក្រឡា លើចំការមីន/ចំការគ្រាប់ចំនួន៤៨៧ទីតាំង។
នៅឆ្នាំ២០២០នេះ ស៊ីម៉ាក់ដាក់ផែនការរំដោះផ្ទៃដីមានមីន និងគ្រាប់មិនទាន់ផ្ទុះ ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់៕