Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានភូមិបាលខណ្ឌកំបូល រងការរិះគន់ថា នាំមនុស្សក្រៅក្របខណ្ឌ ៨នាក់ មកកាន់ត្រា និងធ្វើការជំនួសមន្រ្តីក្នុងអង្គភាព

28-01-2020 13:39

(ភ្នំពេញ)៖ អនុប្រធានរួមជាមួយមន្រ្តីក្របខណ្ឌ នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌកំបូល កំពុងមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យដែលបាននាំមនុស្សចំនួន៨នាក់ ក្រៅក្របខណ្ឌ មកកាន់ត្រា និងធ្វើការជំនួសមន្រ្តីនៅក្នុងអង្គភាពរបស់ខ្លួន។

មន្រ្តីការិយាល័យភូមិបាលខណ្ឌកំបូល បានលួចប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រធានការិយាល័យរូបនេះ បានយកមនុស្សរបស់ខ្លួនដែលពុំមែនជាមន្រ្តីជាប់កិច្ចសន្យា ឬជាមន្ត្រីបណ្ដែត គ្មានជំនាញឲ្យចូលកាន់ការងារសំខាន់ៗ រត់ឯកសារឆ្វេចឆ្វាចកាន់ត្រាក្នុងដៃយ៉ាងពេញលេញ រួចបានផាត់ចោលនូវអនុប្រធាន និងមន្រ្តីក្របខណ្ឌដែលសុទ្ធតែអ្នកជំនាញ។

មន្រ្តីបានចោទថា លោក ប៉ុក បញ្ញាធិ បានចូលកាន់តំណែងជាប្រធានការិយាល័យ ទើបបានរយៈពេលជាង ៦ខែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះអនុប្រធាន និងមន្រ្តីក្របខណ្ឌនៅក្នុងការិយាល័យទាំងមូល បានត្អូញត្អែរយ៉ាងខ្លាំងពីការលំបាក ព្រោះក្នុងការិយាល័យទាំងមូលពុំដឹងថា លោកប្រធាន ប៉ុក បញ្ញាធិ យកមនុស្សពីណាមកដាក់ទេរហូតដល់ទៅ ៧ទៅ៨នាក់នោះទេ។

យ៉ាងណាក៏ដោយ សម្រាប់ការចោទនេះ លោក ប៉ុក បញ្ញាធិ មិនទាន់អាចសុំការបកស្រាយបាននោះទេ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។

បើតាមមន្រ្តីទាំងនោះ បានបន្តទៀតថា គាត់ធ្វើការព្រឹក ឬធ្វើការល្ងាច តើគាត់ត្រូវឆ្លៀតចូលធ្វើដូចម្តេច បើលោកប្រធានយកត្រាមូលទៅឲ្យមនុស្សរបស់ខ្លួន ដែលជាមន្រ្តីគ្មានក្របខណ្ឌម្នាក់ឈ្មោះ អ៊ុក សម្បត្តិ ពុំមែនជាជាប់កិច្ចសន្យា ឬជាមន្ត្រីបណ្ដែតកាន់វាយត្រាលើឯកសារផ្សេងៗ។

សម្រាប់ករណីនេះ ក្រុមមន្រ្តីនៅក្នុងការិយាល័យ សូមអំពាវនាវ និងទទូចដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ក៏ដូចជាអភិបាលខណ្ឌ មេត្តាពិនិត្យ និងដោះស្រាយបញ្ហានេះផង ដើម្បីបញ្ចប់ការខ្វែងគំនិត និងការអន់ចិត្តរបស់មន្រ្តីក្រោមឱវាទ ដែលនាំឲ្យការងារគ្មានប្រសិទ្ធភាព៕