(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជាការចាំបាច់ប្រទេសនីមួយត្រូវរៀបចំខ្លួន សម្រាប់សមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីឲ្យទាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងការអភិវឌ្ឍជាតិ និងអភិវឌ្ឍន៍ដោយឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបៗ ដូចនេះការកែទម្រង់ប្រព័ន្ធការគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការជាអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា។
ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) ដើម្បីពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អះអាងថា ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអត្តសញ្ញាណកម្មនេះ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្ដល់សេវាទាំងអស់របស់រាជរដ្ឋាភិបាល ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន។
សម្ដេចក្រឡហោម ស ខេង បានកត់សម្គាល់ទៀតថា បច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោក បានផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកការគ្រប់គ្រង អត្តសញ្ញាណកម្មប្រជាពលរដ្ឋរបស់ខ្លួន និងការធ្វើឲ្យប្រសើរឡើង តាមរយៈការធ្វើទំនើប កម្មតាមប្រព័ន្ធគ្រប់គ្រង និងការផ្លាស់ប្តូរប្រព័ន្ធការងារ នៃការចុះ បញ្ជីដោយដៃដូចជា អត្រានុកូលដ្ឋាន គ្រប់គ្រងការស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនឲ្យទៅជាការចុះបញ្ជី តាម ប្រព័ន្ធព័ត៌មានវិទ្យា ដែលការផ្លាស់ប្តូរនេះជាតម្រូវការចាំបាច់។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអត្តសញ្ញាណកម្មនេះ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្ដល់សេវាទាំងអស់របស់រាជរដ្ឋាភិបាល ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន ហើយក៏ជាកិច្ចការដែលកម្ពុជា ត្រូវចូលរួមចំណែកក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរបស់ អង្គការសហប្រជាជាតិ ពិសេសគឺក្របខណ្ឌកម្មវិធី ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (២០១៥-២០២៤) ដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកកប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ក្រោយពិនិត្យរបាយការណ៍វាយ តម្លៃការអនុវត្តសាកល្បងច្រកចេញចូលតែមួយ ការផ្តល់សេវាអត្តសញ្ញាណកម្ម នៅខេត្តកំពត និងខេត្តកែប និងរបាយការណ៍វឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺជាកិច្ចការដ៏ចំបងដំបូងគេសម្រាប់ ត្រួសត្រាយផ្លូវក្នុងការរៀបចំប្រព័ន្ធសម្រាប់ចុះបញ្ជី និងគ្រប់គ្រងអត្តសញ្ញាណបុគ្គល ស្របតាមស្តង់ដារជាសាកល៕