សាលា ប៊ែលធី ចែកម៉ាស់សុវត្ថិភាពចំនួន ៦ម៉ឺនម៉ាស់ ដល់សិស្សទាំង ២០សាខា ក្រោយមានករណីឆ្លងវីរុសថ្មី (2019-nCoV)
28-01-2020 11:49
(ភ្នំពេញ)៖ ក្រោយពេលដែលក្រសួងសុខាភិបាលប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគជំងឺរលាកសួតថ្មី កូរ៉ូណា (coronavirus) កើតឡើង ១ករណីលើជនជាតិចិន នៅក្រុងព្រះសីហនុរួចមកនោះ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សាលា ប៊ែលធី អន្តរជាតិ បានចែកម៉ាស់សុវត្ថិភាពចំនួន ៦ម៉ឺនម៉ាស់ ដល់សិស្សទាំង ២០សាខារបស់ខ្លួន។
តាម Facebook សាលាប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ម៉ាស់សុវត្ថិភាពចំនួន ៦ម៉ឺនម៉ាស់ បានរៀបចំរួចរាល់ហើយ នាព្រឹកនេះសម្រាប់ចែក ជូនដល់សិស្សានុសិស្ស និងបុគ្គលិក នៃសាលាប៊ែលធី អន្តរជាតិទាំង ២០សាខា ដើម្បីបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)។
សាលាប៊ែលធី អន្តរជាតិ ក៏បានអំពាវនាវ ឲ្យចូលរួមពាក់ម៉ាស់សុវត្ថិភាពទាំងអស់គ្នា ដើម្បីជួយទប់ស្កាត់ ការឆ្លងមេរោគកូរ៉ូណាថ្មី (2019-nCoV)។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៕