(កោះកុង)៖ អាជ្ញាធរប្រចាំការទីស្នាក់ច្រកទ្វារអន្តរជាតិចាំយាម សហការជាមន្ត្រីសុខាភិបាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចែកម៉ាស់ដែលមានចំនួន ២ម៉ឺន ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលរកស៊ីប្រកបអាជីវកម្មចេញចូល នៅតាមច្រកទ្វារអន្តរជាតិចាំយាម-ហាលិក ខេត្តត្រាត ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយមេរោគម៉្យាងឈ្មោះ វីរុស កូរ៉ូណា ប្រភេទថ្មីដែលកំពុងរាតត្បាតប្រទេសមួយចំនួន។
ការត្រួតពិនិត្យ និងចែកម៉ាស់ដើម្បីការពារជំងឺឆ្លងវីរុស កូរូណា ប្រភេទថ្មីនេះ ក្រោមការដឹកនាំពីសំណាក់លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិចាំយាម និងសហការជាមួយមន្ត្រីសុខាភិបាល ទាំងមន្ត្រីនគរបាល ប្រចាំការច្រកទ្វារអន្តរជាតិចាំយាម ផងដែរ។
លោក សុវណ្ណ ប៊ុនធឿន បានឱ្យដឹងថា នៅតាមមាត់ច្រកទ្វារអន្តរជាតិចាំយាម លោកបានត្រៀមម៉ាស់ (mask) ចំនួន២ម៉ឺន សម្រាប់ចែកជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលធ្វើដំណើរ ចេញចូលនៅតាមមាត់ច្រកទ្វារអន្តរជាតិចាំយាម ឱ្យបានគ្រប់គ្នាមិនថា ក្មេង ឬចាស់ ឬអ្នករត់ម៉ូតូឌុបឡើយ នឹងធ្វើការពន្យល់ណែនាំពួកគាត់ ឱ្យមានការប្រុងប្រយ័ត្ននឹងជំងឺរលាកសួតដែលបង្កឡើង ដោយមេរោគម្យ៉ាង ឈ្មោះពីវីរុស កូរ៉ូណា ប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន និងប្រទេសមួយចំនួនទៀត។
លោក សុវណ្ណ ប៊ុនធឿន បានបន្តថា «យើងត្រូវរួមគ្នាជាមួយស្ថាប័ន មន្ទីរ អង្គភាពនានា ដែលពាក់ព័ន្ធចុះត្រួតពិនិត្យពីបញ្ហានេះ និងធ្វើការអប់រំណែនាំឱ្យពួកគាត់មានការប្រុងប្រយ័ត្ន ចំពោះជំងឺដ៏កាចសាហាវនេះ ដើម្បីការពារសុខភាពទាំងអស់គ្នា និងចៀសវាងការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ហេតុ ដូច្នេះហើយយើងត្រូវធ្វើការណែនាំអប់រំ ឱ្យពួកគាត់មានវិធានការខ្ពស់ ដើម្បីការពារកុំឱ្យមានឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគវីរុស កូរ៉ូណានេះ ឱ្យសោះព្រោះមេរោគនេះ អាចសម្លាប់បានរហ័សណាស់»។
លោកបានបញ្ជាក់ថា ចំពោះការចែកម៉ាស់ និងការស្វែករកជំងឺរលាកសួតបង្កដោយមេរោគវីរុស កូរ៉ូណា ក្រុមការងារប្រចាំការនៅស្នាក់ការ ច្រកទ្វារអន្តរជាតិចាំយាម លោកនឹងធ្វើជារឿងរាល់ថ្ងៃរហូត ដល់ជំងឺនេះ មានសភាពស្ងប់ស្ងាត់ទៅវិញ ដោយមិនបានគិតពីផលលំបាកឡើយ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិឆ្លងដែន តាមព្រំដែននេះ ហើយអ្វីដែលមានការសង្ស័យមនុស្ស ណាម្នាក់ ដែលក្នុងលក្ខណៈសង្ស័យ ក្រុមការងារត្រូវធ្វើការបញ្ជូនគាត់ ទៅមន្ទីរពេទ្យបន្ទាន់ ដើម្បីត្រួតពិនិត្យ ឬព្យាបាលឱ្យបានលឿនបំផុត។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៕
លោក សុវណ្ណ ប៊ុនធឿន ក៏សូមពរឱ្យប្រជាពលរដ្ឋ ចូលរួបរួមការពារជំងឺរលាក់សួតបង្កដោយមេរោគវីរុស កូរ៉ូណា ឱ្យបានគ្រប់គ្នា និងធ្វើការណែនាំ ពីក្រសួងអប់រំ ដើម្បីទប់ស្កាត់ជំងឺប្រភេទនេះកុំឱ្យឆ្លង និងបងប្អូនត្រូវចេះថែរក្សាសុខភាពខ្លួនឯង បើមានការសង្ស័យត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីត្រួតពិនិត្យ និងស្វែងមេរោគប្រភេទនេះ។
គួរជម្រាបថា ម៉ាស់ចំនួន២ម៉ឺនម៉ាស់នេះ គឺលោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិចាំយាម ជាអ្នកចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញចែកជូនប្រជាពលរដ្ឋ៕