(ព្រៃវែង)៖ លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិក គណៈកម្មការ អញ្ជើញទៅបំពេញបេសកកម្មនៅខេត្តព្រៃវែង និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធ នឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំរបស់សាលាខេត្ត។
លោក ជា វ៉ាន់ដេត បានជម្រាបជូនអាជ្ញាធរខេត្តព្រៃវែងថា បេសកកម្មរបស់គណៈកម្មការរដ្ឋសភា នាពេលនេះ គឺចង់ស្វែងយល់ពីការអនុវត្តច្បាប់នានា លើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង ក្នុងនាមលោកអភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូគណៈកម្មការរដ្ឋសភា អំពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត និងលទ្ធផល ការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តមព្រៃវែងសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត ព្រមទាំងសំណូមពរ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តបានជួបប្រទះកន្លងមក និងស្នើសុំឲ្យគណៈកម្មការ នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍រកមធ្យោបាយដោះស្រាយ។
លោកអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏បានរាយការណ៍លម្អិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ក្នុងវឌ្ឍនភាព និងស្ថានភាពជាក់ស្តែង។
ក្រៅពីសមិទ្ធផលដែលបានលើកឡើងខាងលើ នៅមានវិស័យជាអទិភាពដទៃទៀត មានដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យសាធារណការ និងដឹកជញ្ជួន វិស័យសង្គមកិច្ច ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសកម្មភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានវឌ្ឍនភាពប្រកបដោយការឆ្លើយតប និងគួរឱ្យកត់សម្គាល់ផងដែរ។ ទាំងនេះ បានមកពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចលើគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្រោមដំបូលនៃសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសដ៏ឆ្នើម។
បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍខេត្តលើគ្រប់វិស័យ ដែលជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលសម្ដេចតែងបានណែនាំ ឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដង។
ជាមួយនឹងការលើកទឹកចិត្ត ដល់អាជ្ញាធរខេត្តបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារបន្តទៀត លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការ ក៏បាននាំយកបញ្ហាប្រឈមដែលខេត្តបានលើកឡើង ជម្រាបសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា។
ក្នុងថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តព្រៃវែងផងដែរ មានដូចជា ចុះពិនិត្យសិក្សាស្វែងយល់ទីតាំងស្ថានីយវៃកូរទី២ ស្ថិតនៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រ ពីទីរួមខេត្ត, ចុះពិនិត្យសិក្សាប្រព័ន្ធធារាសាស្ត្រ ស្ថានីយទី២ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមខេត្ត ដោយស្ថានីយនេះគ្របដណ្តប់ ៣ ស្រុក មានស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក, ចុះពិនិត្យមើលទីលានចាក់សំរាម ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីទីរួមខេត្ត, ចុះពិនិត្យសិក្សាស្វែងយល់ទីតាំងសត្តឃាតដ្ឋាន ស្ថិតនៅភូមិឯករាម សង្កាត់ជើងទឹក ក្រងព្រៃវែង និងចុះពិនិត្យសិក្សាស្វែងយល់ទីតាំងទំនន់បឹងស្នេហ៍ ស្ថិតនៅឃុំភាយ ស្រុកបាភ្នំ ជាទីកន្លែងអភិរក្សសត្វស្លាប និងជាកន្លែងមួយដែលនិងត្រូវរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិនាពេលខាងមុខ៕