(ភ្នំពេញ)៖ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានប្រទានព្រះរាជសារអបអរសាទរដល់ សម្តេច សៅ ទី ភរិយារបស់សម្តេចហេង សំរិន ដែលត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្តេចធម្មវិសុទ្ធវង្សា» កាលពីពេលថ្មីៗនេះ។

ក្នុងព្រះរាជសារព្រះអង្គ សម្តេចម៉ែ បានមានព្រះបន្ទូលថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមអបអរសាទរចំពោះគោរមងារដ៏ឧត្តុង្គឧត្តម ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២០/១១១ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០»

សម្តេចម៉ែបានមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅចំពោះ សម្តេច ធម្មវិសុទ្ធវង្សា ដែលបានគាំទ្រ តស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្តិ តាំងពីដើមរហូតមក និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណា ព្រះបរមរតនកោដ្ឋ” ដើម្បីជាតិ មាតុភូមិកម្ពុជា»

សម្តេចម៉ែ បានមានព្រះបន្ទូលបន្តទៀតថា «សម្តេច ធម្មវិសុទ្ធវង្សា ក៏បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ក្នុងសេចក្ដីបរិសុទ្ធដ៏វិសេសវិសាល់ក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា»

ខាងក្រោមនេះជាព្រះរាជសារសម្តេចម៉ែ៖