Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លាស់ប្ដូរស្នងការនគរបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន

27-01-2020 18:26

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងខេត្តកណ្ដាល ទៅជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន។

នេះបើតាមប្រកាស ស្ដីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ដ្រីនគរបាលជាតិ របស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

ពិធីផ្លាស់ប្ដូរស្នងការខេត្តកណ្ដាល នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធីបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានកាន់ជាស្នងការនគរបាលខេត្តកណ្ដាល អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបានសម្រេចលទ្ធផលជាច្រើន នៅតាមមូលដ្ឋានក្នុងការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងខេត្ត៕