(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានប្រកាសថា ខ្លួនបានកំណត់យកថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រារព្ធយុទ្ធនាការ «ព័ត៌មានស្អាត» ដែលជាយុទ្ធនាការលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដើម្បីបំផុសការផ្សព្វផ្សាយតែព័ត៌មានពិតល្អត្រឹមត្រូវនៅកម្ពុជា។
ស.ស.ស.ក បានអះអាងថា ខ្លួនក៏មានបំណងប្រែក្លាយយុទ្ធនាការនេះឲ្យទៅជាយុទ្ធនាការជាតិប្រចាំឆ្នាំ ដែលឆ្នាំដំបូងនេះគឺប្រមូលផ្តុំលើគោលបំណង៣យ៉ាងដូចតទៅ៖
ទី១៖ យុទ្ធនាការ «ព័ត៌មានស្អាត» ៖ ប្រារព្ធឡើងដើម្បីផ្ញើសារដល់ទាំងអស់គ្នាឲ្យចូលរួមកាត់បន្ថយ និងឈានទៅលុបបំបាត់ការផុសផ្សាយនិងការផ្សព្វផ្សាយនូវរូបភាពហិង្សា ភាសាអសុរស ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញសីលធម៌សង្គម ប៉ះពាល់ការសម្រេចចិត្តត្រឹមត្រូវរបស់សង្គម និងប៉ះពាល់គុណតម្លៃមនុស្សជាតិ។ ការលុបបំបាត់ភាសាអសុរស ភាសារើសអើង ភាសាញុះញុង គឺជាការទប់ស្កាត់បាននូវឈ្នួននៃ សង្គ្រាមពាក្យសម្តី អំពើហិង្សានយោបាយ និងជាការចូលរួមខាងស្មារតីក្នុងការថែរក្សាសុខសន្តិភាព កសាងភាពសុខដុមរមនា វិបុលភាព និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។
ទី២៖ យុទ្ធនាការ«ព័ត៌មានស្អាត»៖ ប្រារព្ធឡើងដើម្បីផ្ញើសារថា យើងទាំងអស់គ្នារួមទាំងសារព័ត៌មានផង មានតួនាទីរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីកសាងសង្គមស្អាតស្អំ សម្រាប់អនាគតដ៏ប្រសើររបស់កម្ពុជា។ យើងដឹងថា មានចំណុចមិនល្អខ្លះក្នុងសង្គម។ ប៉ុន្តែការកសាងភាពត្រឹមត្រូវ គឺត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗជាមុន។ ជាមួយគ្នានេះ គ្រប់គ្នាមិនត្រឹមតែត្រូវពង្រឹងឯករាជ្យភាពខាងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានស្មារតីជាតិនិយម ដោយជម្នះឲ្យបាននូវ ឯករាជ្យពីមនោគមន៍វិជ្ជាបរទេស ហើយតម្កល់ឧត្តមគតិផ្ទាល់ខ្លួនបន្តប្រើប្រាស់ «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»។
ទី៣៖ យុទ្ធនាការ«ព័ត៌មានស្អាត»៖ ប្រារព្ធឡើងដើម្បីជាវេទិកាប្រមូលផ្តុំការប្តេជ្ញាចិត្តរបស់ អ្នកសារព័ត៌មាន និស្សិត សិល្បៈករ អ្នកលេងបណ្តាញសង្គម និង សាធារណៈជន ក្នុងការចូលរួមពង្រឹងការផ្សព្វផ្សាយខ្លឹមសារជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹង សីលធម៌សង្គម សុច្ចរិតភាព អភិបាលកិច្ចល្អ ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលជាតិ និងអារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សារព័ត៌មានស្អាត ការផ្សព្វផ្សាយល្អ នឹងជួយលើកតម្កើងបរិយាកាសសង្គមជាតិល្អ ប្រជាជនរស់នៅថ្លៃថ្នូរ ហើយប្រទេសជាតិថ្កើងថ្កានខ្ពង់ខ្ពស់។
យុទ្ធនាការ «សារព័ត៌មានស្អាត» លើកដំបូងនេះប្រារព្ធធ្វើនៅវេលាម៉ោង៣:០០រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នៅ អគារសេរីភាព ទីស្នាក់ការកណ្តាលស.ស.ស.ក ដោយមានការតាំងពិព័រណ៍ ការសម្តែងសិល្បៈ បទបង្ហាញរបស់វាគ្មិន និង ការថ្លែងរបស់គណៈអធិបតី។
សម្រាប់អ្នកសារព័ត៌មាន និស្សិត អ្នកនិយមបណ្តាញសង្គម សិល្បៈករ និង សាធារណៈជន ដែលមានបំណងចូលរួមក្នុង យុទ្ធនាការ«ព័ត៌មានស្អាត» សូមមេត្តាទាក់ទង កញ្ញា អ៊ុង ច័ន្ទសោភា ឬចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះតទៅ តាមរយៈទូរស័ព្ទលេខ៖ ០៧៧-៦៦៦-០៦៤ ឬ ០៧៧-៣៣៨-១៣១ ឬតាមរយៈ Facebook Page: Union of Journalist Federations of Cambodia៕