(សៀមរាប)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឆ្លើយតបទៅនឹងព័ត៌មានមិនពិត ដោយបានអះអាងជាថ្មីថា នៅកម្ពុជា កុំថាឡើយមានកើតករណីកូរ៉ូណា វីរូស ដែលជាប្រភេទមេរោគជម្ងឺឆ្លងផ្លូវដង្ហើមថ្មី សូម្បីតែការតាមដានដោយប្រុងប្រយ័ត្ន រករោគសញ្ញាសង្ស័យ ក៏ពុំទាន់ជួបប្រទះនៅឡើយនោះទេ។
ថ្មីៗនេះត្រូវបានគេ Share តៗគ្នា ពីម្នាក់ ទៅម្នាក់ទៀត នៅក្នុងប្រអប់់បញ្ជូនសារនៃទំព័រទំនាក់ទំនងសង្គមអេឡិចត្រូនិច (Messenger Facebook) ស្តីអំពីវត្តមានអ្នកជម្ងឺឆ្លងថ្មី ផ្តាសាយរលាកសួតនៅមន្ទីរពេទ្យរុស្ស៊ី។ ឆ្លើយតបសំណួរអ្នកយកព័ត៌មានអំពីករណីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងជាថ្មីថា ៖ នៅកម្ពុជាកុំថាឡើយមានកើតករណី កូរ៉ូណា វីរុស ដែលជាប្រភេទមេរោគជម្ងឺឆ្លងផ្លូវដង្ហើមថ្មី សូម្បីតែការតាមដានដោយប្រុងប្រយ័ត្ន រករោគសញ្ញាសង្ស័យ ក៏ពុំទាន់ជួបប្រទះបញ្ហានៅឡើយនោះទេ។
ការឆ្លើយតបនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមករានេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងពេលដែលលោករដ្ឋមន្រ្តី ចុះពិនិត្យមើលជាក់ស្តែង សកម្មភាពរបស់ក្រុមការងារចត្តាឡីស័កិ្ត នៃមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលកំពុងបំពេញការងាររបស់ខ្លួន តាមដានរោគសញ្ញាសង្ស័យនៃជម្ងឺឆ្លង ដែលបង្កឡើងដោយវីរុសកូរ៉ូណា។
នៅក្នុងប្រតិបត្តិការនេះមន្ទីរសុខាភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើការត្រួតពិនិត្យភ្ញៀវចូល ដោយឧបករណ៍ស្កេន ស្វែងរករោគសញ្ញាសង្ស័យ។ មន្ទីរសុខាភិបាលខេត្តសៀមរាប បានត្រៀមលក្ខណៈរួចជាស្រេចហើយ សម្រាប់ប្រតិបត្តការនេះ ដូចជារថយន្តសង្គ្រោះដឹកជញ្ជូនមនុស្សដែលមានរោគសញ្ញាសង្ស័យទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងអាគារសម្រាប់ទទួលអ្នកជម្ងឺឆ្លងករណីវីរុសកូរ៉ូណា។
ក្នុងការផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានពន្យល់ឲ្យដឹងអំពីការរឹតបន្តឹងដោយការត្រួតពិនិត្យ លើភ្ញៀវទាំងឡាយដែលត្រូវធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា និងវិធានការបង្ការជាដើម៕