(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរមីន បានសហការជាមួយអង្គការ UNDP រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល(CFR) ក្រោមអធីបតីភាព លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយ រួមមាន អូស្ត្រាលី ស្វីស កាណាដា UNDP តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងម្ចាស់ជំនួយថ្មី កូរ៉េ/KOICA ដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងបោសសំអាតមីនដំណាក់កាលទី៣(២០១៦-២០១៩) និងការចាប់ផ្តើមគម្រោងដំណាក់កាលទី៤(២០២០-២០២៥) និងផែនការសកម្មភាពនិងផែនការថវិកាឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក Nick Beresford តំណាង UNDP ប្រចាំប្រទេសកម្ពុជា តំណាងដៃគូរអភិឌ្ឍន៍ បានអបអរសាទរ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលបានដឹកនាំ និងអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ ទទួលបានជោគជ័យលើសពីការរំពឹងទុក ហើយលោក Nick Beresford ប្រទេសអូស្ត្រាលី ស្វីស កាណាដា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងម្ចាស់ជំនួយថ្មី កូរ៉េ/KOICA បានប្តេជ្ញារួមគ្នា បន្តគាំទ្រគម្រោងសម្រាប់ដំណាក់កាលទី៤ ដើម្បីចូលរួមចំណែកសង្រ្គោះជីវិតប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅតំបន់មានការគម្រាមកំហែងដោយសារមីន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ដាច់ស្រយ៉ាល ជាមួយរាជរដ្ឋាភិនបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោក Nick បានឲ្យដឹងដែរថា ប្រទេស New Zealand កំពុងពិចារណានឹងចូលរួមជាមួយគម្រោងដំណាក់កាលទី៤ នេះដែរ។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ហើយលោកទេសរដ្ឋាមន្រ្តីបានសន្យាថានឹងប្រើប្រាស់ថវិកាជំនួយនេះ ឲ្យបានត្រឹមត្រូវ ចំគោលដៅអតិភាពបំផុត ដើម្បីបានជាប្រយោជន៍ពិតប្រាកដ៏ដល់ប្រជាជនកម្ពុជា ហើយលោកទេសរដ្ឋមន្រ្តីបានស្នើសុំឲ្យប្រទេសម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។
ជាមួយគ្នានោះ កិច្ចប្រជុំក៏បានបង្ហាញថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩ បានប្រើប្រាស់ថវិកាអស់ចំនួន ១១.៥២៤.៨២៣ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា UNDP និងបដិភាគ១០%របស់រដ្ឋាភិបាលកម្ពុជា ដោយបានធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ៥៣.១៥ គីឡូម៉ែត្រក្រឡា ដោយផ្តោតទៅលើខេត្តដែលមានអត្រាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩ ផ្ទៃដីចំនួន ១.៩៤៦ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតដោយប្រតិបត្តិករជាតិ-អន្តរជាតិ ដោយរកឃើញនិងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០៨០.៨១៤ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥.១៨៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២.៨៣២.៦២៦ គ្រាប់៕