(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ សរុបជាង៩១ម៉ឺននាក់ បានដើរកម្សាន្ដទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍បថមរបស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។
របាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរកម្សាន្ត នាឱកាសចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២០នេះ មានចំនួនសរុបប្រមាណ ៩១៣,០៨៩នាក់ កើនឡើង ៣.៥១% ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួន ៨៣០,២៦៩នាក់ កើនឡើង៤.២១%, ភ្ញៀវអន្តរជាតិ មានចំនួន៨២,៨២០នាក់ ថយចុះ ២.៩៩ភាគរយ។
រដ្ឋមន្រ្តី ថោង ខុន បានថ្លែងថា ចំពោះមុខការព្រួយបារម្ភនៃការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី ក្រសួងបង្កើនវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុក ខណៈទេសចរអន្តរជាតិ ព្រួយបារម្ភនៃការរាលដាលជំងីផ្លូវដង្ហើមប្រភេទថ្មីនេះ។ ការធ្វើដំណើរបស់ទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិ មានការធ្លាក់ចុះ៕