(ភ្នំពេញ)៖ ជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» ដែលកំពុងកើតមាននៅក្នុងប្រទេសចិន និងរីកសាយភាយទៅដល់បណ្តាប្រទេសមួយចំនួនទាំងនៅអាស៊ី និងអឺរ៉ុបផងនោះ កំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋលើពិភពលោក។ បើទោះបីកម្ពុជាមិនទាន់កើតមានជំងឺនេះ តែប្រជាពលរដ្ឋកម្ពុជាកំពុងព្រួយបារម្ភខ្លាំងណាស់ផងដែរពីការរីកសាយភាយនៃជំងឺនេះ។
ក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋមួយរូបបង្ហាញក្តីបារម្ភខ្លាចជំងឺនេះ ត្រូវបានបក់បោកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាតាមរយៈខ្យល់។
ឆ្លើយតបចំពោះចម្ងល់ និងក្តីបារម្ភនេះ លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ដោយភ្ជាប់ជាមួយអំណះអំណាងមួយចំនួនរបស់ក្រសួងសុខាភិបាលថា ជំអឹផ្លូវដង្ហើម «កូរ៉ូណាវីរុស» មិនអាចមកដល់ប្រទេសកម្ពុជា តាមរយៈខ្យល់ដែលបោកបក់ពីប្រទេសចិននោះឡើយ។
លោកបានបញ្ជាក់ថា វីរុសនេះ មិនអាចរស់នៅបរិយាកាសខាងក្រៅ ឬរស់នៅក្នុងលំហខ្យល់បានយូរនោះឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស បានសម្លាប់មនុស្សប្រមាណ ៨០នាក់ហើយ ខណៈអ្នកឆ្លងជំងឺនេះ កើនឡើងដល់ ២,៧៦១នាក់សម្រាប់ប្រទេសចិន ហើយប្រមាណ ៣៧ករណីទៀត កើតមាននៅតាមបណ្តាប្រទេសដទៃ។
បើទោះបីជាយ៉ាងណានៅក្នុងប្រទេសកម្ពុជា មិនទាន់កើតមានករណីឆ្លងជំងឺនេះនៅឡើយនោះទេ។ ក្រសួងសុខាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់មិនឱ្យជំងឺប្រភេទនេះឆ្លងមកប្រទេសកម្ពុជា៕