(ភ្នំពេញ)៖ ក្រសួងបរិស្ថានគ្រោងនឹងទិញឧបករណ៍តាមដានភាគល្អិតក្នុងខ្យល់ PM2.5 ឬ PM10 ប្រមាណ ១៥គ្រឿងបន្ថែមទៀត ពីប្រទេសចិន ដើម្បីតាមដានការវិវឌ្ឍន៍គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ នេះជាការបញ្ជាក់របស់លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយក ដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន។
ក្នុងសន្និសីទព័ត៌មានស្តីពី «វឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពលើគុណភាពខ្យល់ក្នុងប្រទេសកម្ពុជា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក ហេង ណារ៉េត បានបញ្ជាក់ថា ការគ្រោងបញ្ជាទិញឧបករណ៍តាមដានភាគល្អិតក្នុងខ្យល់នេះ ដើម្បីយកមកបំពាក់ក្នុងខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យដែលមិនទាន់មានបំពាក់ឧបករណ៍ និងបន្ថែមនៅតាមក្រុងធំៗមួយចំនួនទៀត។
លោក ហេង ណារ៉េត បានអះអាងថា ឧបករណ៍នេះនឹងត្រូវបញ្ជាទិញមកពីប្រទេសចិន ជាមួយតម្លៃប្រមាណ ៥ពាន់ដុល្លារក្នុងមួយគ្រឿង។
កាលសប្តាហ៍មុននេះគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានការកើនឡើងភាគល្អិតក្នុងខ្យល់ ដែលនាំឱ្យមានការព្រួយបារម្ភពីការនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោក ហេង ណារ៉េត បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តាមដានជាប់ជាប្រចាំទៅលើបញ្ហានេះ ជាមួយឧបករណ៍តាមដានគុណភាពខ្យល់ចំនួន ៣១ស្ថានីយ ដែលបំពាក់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។
លោក ហេង ណារ៉េត បានឱ្យដឹងថា បច្ចុប្បន្នឧបករណ៍តាមដានគុណភាពខ្យល់នេះ មាននៅរាជធានីភ្នំពេញ ៧ស្ថានីយ ក្រុងសៀមរាប ២ស្ថានីយ ក្រុងព្រះសីហនុ ២ស្ថានីយ និងនៅតាមក្រុងទីរួមខេត្តដទៃទៀត មួួយស្ថានីយក្នុងមួយខេត្ត។
អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរូបនេះ បានអះអាងថា តាមរយៈឧបករណ៍តាមដានគុណភាពខ្យល់ទាំងនេះ តែងផ្តល់ទិន្នន័យលើការវាយតម្លៃគុណភាពខ្យល់រៀងរាល់កន្លះម៉ោងម្តង។ តាមរយៈឧបករណ៍ទាំងនេះ ក៏បានរកឃើញថា ការកើនឡើងភាពកខ្វក់ក្នុងខ្យល់កាលពីសប្តាហ៍កន្លងទៅ បណ្តាលមកពីការកើនឡើងកំហាប់ភាគល្អិត នៃ PM2.5 និង PM10 ដោយឡែកប្រភពបំពុលដែលជាប្រភេទឧស្ម័ន មិនមានការកើនឡើងនោះឡើយ។
បើទោះបីជាយ៉ាងណា លោក ហេង ណារ៉េត បានឱ្យដឹងថា រហូតមកដល់សប្តាហ៍នេះ គុណភាពខ្យល់បានវិលមករកភាពប្រក្រតីវិញហើយ មិនមានបញ្ហានាំឱ្យមានក្តីបារម្ភនោះឡើយ។
នៅក្នុងសន្និសីទព័ត៌មាននាព្រឹកមិញនេះ លោក ហេង ណារ៉េត ក៏បានច្រានចោលនូវទិន្នន័យដែលបង្ហាញដោយគេហទំព័រ airvisual ផងដែរ។ លោកបានអះអាងថា ទិន្នន័យវាយតម្លៃពីគុណភាពខ្យល់បង្ហាញដោយគេហទំព័រនេះ មិនមានសុក្រឹតនោះឡើយ។
ពាក់ព័ន្ធបញ្ហាគុណភាពខ្យល់នេះ លោកអគ្គនាយក បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តាមដានព័ត៌មានដែលបង្ហាញដោយក្រសួងបរិស្ថានជាគោល។
ក្នុងសន្និសីទព័ត៌មាននេះ លោក ហេង ណារ៉េត ក៏បានបញ្ជាក់ផងដែរថា ពីបញ្ហាដែលនាំឱ្យធ្លាក់ចុះនូវគុណភាពខ្យល់។ បញ្ហានាំឱ្យធ្លាក់ចុះគុណភាពខ្យល់នោះមានដូចជា ការបញ្ចេញផ្សែង និងឧស្ម័នពីរោងចក្រ យានយន្តដែលប្រើប្រេងម៉ាសូត និងចំហេះឥន្ធនៈផ្សេងៗទៀតមានដូចជាការដុតប្រេងខ្មៅ និងធ្យូងថ្មជាដើម។
ភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ការដុតទីវាល ដូចជាការដុតសំរាម និងគល់កញ្ច្រាំងស្រូវជាដើម ក៏ជាប្រភពនាំឱ្យធ្លាក់ចុះនូវគុណភាពខ្យល់ផងដែរ។
លោក ហេង ណារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការរក្សាគុណភាពខ្យល់នេះ ដោយមិនត្រូវដុតសំរាមពាសវាលពាសកាលនោះឡើយ៕