(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំ «សន្និបាតប្រចាំឆ្នាំ២០២០» របស់ខ្លួនដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ខាងមុខ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតនេះ នៅវិមានសន្តិភាព ដើម្បីផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃ សម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រកាសជាផ្លូវការ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។
សន្និបាតប្រចាំឆ្នាំ២០២០ នឹងផ្តល់កាលានុវត្តភាពផងដែរ សម្រាប់អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង ទី១៖ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា, ទី២៖ ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា និងទី៣៖ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីពង្រឹងការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ។
សន្និបាតនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕