(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» ដែលប្រព្រឹត្ដទៅនារាត្រី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅវិមានសម្ដេចព្រះសង្ឃរាជជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងក្នុងគោលបំណង ចូលរួមថែរក្សា ផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍន៍ទម្រង់សិល្បៈល្ខោនខោល ឲ្យកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ស្រទាប់យុវជន ជាពិសេសសម្តែងជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងស្វែងយល់ពីសិល្បៈខ្មែរចម្រុះជាច្រើនប្រភេទ សប្បាយៗទាំងអស់គ្នា។
លោក សរ សុពុត្រា អភិបាលរងខេត្ត ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា ក្នុងរាត្រីនោះមានការតាំងពិព័រណ៌ រូបថតល្ខោនខោ, រាំលេងកម្សាន្ដ, លេងល្បែងប្រជាប្រិយ៍ខ្មែរ និងបានអញ្ជើញតារាកិត្តិយសល្បីៗ ប្រចាំកម្ពុជាជាច្រើនរូបមកចូលរួមផងដែរ។
លោកបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងតាំងនាមជាអ្នករៀបចំកម្មវិធី ពិតជាមានចេតនារីករាយ និងចង់ឲ្យបងប្អូនជាប្រជាជនបានចូលរួមសប្បាយ និងកម្សាន្ដប្រកបដោយក្តីសោមនស្ស និងបានស្វែងយល់អំពីសិល្បៈខ្មែរគ្រប់ទម្រង់ ជាមួយនឹងការគ្រាំទ្រពេញទំហឹងលើវិស័យសិល្បៈខ្មែរ នេះក៏ដោយសារតែ «សន្តិភាព» ដូច្នេះយើងទាំងអស់គ្នាពិតជា អរគុណសន្តិភាព៕