(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតជូន ចំពោះក្រុមគ្រួសារនៃសពលោក អ៊ុល កែវ អតីតប្រធានក្រុមប្រឹក្សាស្រុកមេមត់ ដែលបានទទួលមរណភាព នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅស្រុកមេមត់។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ស៊ាក ឡេង និងលោក ជាម ច័ន្ទសោភ័ណ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងបង្ហាញពីអារម្មណ៍ សោកស្ដាយ និងក្រៀមក្រំជាទីបំផុតជូនចំពោះលោកស្រី យីន គឹមលាង និងក្រុមគ្រួសារសព ខណៈដែលបាត់បង់រូប លោក អ៊ុល កែវ ដែលជាធនធានមនុស្សមួយរូប ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ។
លោក ស៊ាក ឡេង និងលោក ជាម ច័ន្ទសោភ័ណ បានចាត់ទុកការទទួលមរណភាពរបស់លោក អ៊ុល កែវ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដឹងគុណដ៍ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌របស់លោកស្រីនិងកូនចៅ ហើយក៏ជាការបាត់បង់នូវធនធាន ដ៏សំខាន់មួយរូបរបស់ប្រទេសជាតិ ដែលជានិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានស្រុកមេមត់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់ និងផ្ទេរចំណេះដឹង ក្នុងការអប់រំកូនចៅ ព្រមទាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យក្លាយជាអ្នកបន្តវេន ដ៏មានតម្លៃរបស់សង្គមជាតិ។
សមិទ្ធផល និងស្នាដៃរួមជាមួយសមត្ថភាពដ៏គួរឲ្យគោរពស្ញប់ស្ញែងរបស់លោកអតីតប្រធានក្រុមប្រឹក្សាស្រុកមេមត់រូបនេះ បានប្រែក្លាយជាបទពិសោធន៍ និងចំណេះដឹងដ៏មានសារៈសំខាន់ជាទីបំផុត ដល់កូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រគោរពប្រតិបត្តិ នឹងយកទៅប្រើប្រាស់ដើម្បីបានជាឧត្តមប្រយោជន៍ របស់ប្រទេសជាតិ។
ថ្នាក់ដឹកនាំទាំង២រូប រួមទាំងគណៈប្រតិភូ បានលំអោនកាយ វាចារចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុល កែវ សូមបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕