(កោះកុង)៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាង ៣ម៉ឺននាក់ បានសម្រុកទៅលេងកម្សាន្ត នៅតាមរមណីយដ្ឋាន តាមតំបន់នានា ក្នុងទឹកដីខេត្តកោះកុង។

ចំនួនភ្ញៀវទេសចរណ៍ឆ្នាំ២០២០ ដែលទៅកម្សាន្តនៅខេត្តកោះកុងនេះ គឺជាចំនួនមួយដែលកើនឡើងជាងឆ្នាំ២០១៩ទៅទៀត។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តកោះកុងនៅថ្ងៃទី២៦ ខែមករានេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍នេះ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ស្នាក់នៅ និងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍ក្នុងខេត្តកោះកុង រួមមាន៖

*សរុបមានចំនួន ៣៣,៤៧០ នាក់ ឃើញថាកើនឡើងចំនួន ៣,៩៧៦ នាក់ ស្មើនឹង +១៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩
*ភ្ញៀវជាតិមានចំនួន ២២,៦១៦ នាក់ ឃើញថាកើនឡើងចំនួន ១,១០២ នាក់ ស្មើនឹង + ៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩
-ភ្ញៀវអន្តរជាតិមានចំនួន ១០,៨៥០ នាក់ ឃើញថាកើនឡើង ២,៨៧៤ នាក់ ស្មើនឹង +៦៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨

ក្នុងនោះភ្ញៀវកម្សាន្តតាមសហគមន៍មានចំនួន៖ ភ្ញៀវជាតិ៥,៤៨៤ នាក់ ភ្ញៀវអន្តរជាតិ ១៧៨ នាក់ សរុបចំនួន
៥,៦៦៣ នាក់។

បើតាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា មូលហេតុនៃការកើនឡើងភ្ញៀវទេសចរមកពី៖

*អំឡុងថ្ងៃចូលឆ្នាំចិន វៀតណាម ចំថ្ងៃឈប់សម្រាក (ថ្ងៃសៅរ៍-អាទិត្យ)
*ស្ថានភាពអាកាសធាតុមានអំណោយផលល្អ
សន្តិសុខ សុវត្ថិភាពក្នុងខេត្តទាំងមូលមានភាពល្អប្រសើរ
ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅខេត្តកោះកុង តាមរយៈក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍
*ស្ថានភាពផ្លូវជាតិលេខ ៤៨ មានការជួសជុលបានច្រើន ធ្វើងាយស្រួលដល់ការធ្វើដំណើររបស់
ភ្ញៀវទេសចរណ៍

និយាយពីបរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន៖ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់
ទេសចរ ប្រជាជនធ្វើឱ្យអនាម័យតាមគេហដ្ឋាន រមណីយដ្ឋាន សហគមន៍មានសភាពស្អាតល្អ ។

និយាយពីតម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយដ្ឋាន៖ ឱកាសពិធីបុណ្យចូលឆ្នាំចិន - វៀតណាម ឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារមួយចំនួនបានឡើងថ្លៃ និងមួយចំនួនមិនបានឡើងថ្លៃទេដោយរក្សាតម្លៃដើមនៅដដែល។

និយាយពីបញ្ហាសន្តិសុខ៖ ដោយមានការចូលរួមពីអាជ្ញាធរស្ថាបនពាក់ព័ន្ធបានដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍
និងតាមដងផ្លូវសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន - វៀតណាម ពុំមានបញ្ហាអ្វីកើតឡើងទេ៕

ខាងក្រោមនេះ ជារបាយការណ៍មន្ទីរទេសចរណ៍ ខេត្តកោះកុង៖