(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចាត់ទុកការចែកម៉ាសចំនួន១លានម៉ាស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាវិធានការដ៏ល្អដើម្បីការពារ ចំពោះការឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុស កូរ៉ូណាប្រភេទថ្មី។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News នៅយប់នេះឲ្យដឹងយ៉ាងដូច្នេះថា «អរគុណ! នេះជាវិធានការមួយដើម្បីឲ្យប្រុងប្រយ័ត្នពីការចម្លង ប៉ុន្តែមិនត្រូវដូរម៉ាស់គ្នាទេ។ ត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ផងដែរ»។
សូមបញ្ជាក់ថា អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ស្អែកនេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស។
ពិធីចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមអធិបភាពឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។
មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា។ ម៉ាសនេះនឹងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិចេញ-ចូល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមទាក់ទងតាមទូរស័ព្ទលេខ 012 339 931 / 097 590 9999៕