(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ (២៤-២៦ ខែមករា) ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឱ្យមនុស្សចំនួន ៣៥នាក់ ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ៥១នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។ នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៣លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១២នាក់ ស្លាប់បាត់បង់ជីវិត ចំណែក១៧នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។
នៅថ្ងៃទី២៥ ខែមករា ដែលត្រូវនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២២លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក២២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។
ខណៈនៅថ្ងៃទី២៦ ខែមករា ដែលត្រូវនឹងថ្ងៃទី២ នៃបុណ្យចូលឆ្នាំចិន មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងមានប្រទេសកើតឡើង ចំនួន១៣លើក ក្នុងនោះបណ្ដាលឱ្យមនុស្សចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក១២នាក់ទៀត បានរងរបួសធ្ងន់ស្រាល៕