នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ខូរ ឈា ជាការបាត់បង់នូវឥស្សជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់កម្ពុជា
26-01-2020 17:10
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ញើសាររំលែកទុក្ខជូនលោកស្រី កែវ វណ្ណា ក្រោយទទួលបានដំណឹងថា នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលមរណភាពក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសាររំលែកទុក្ខរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានរៀបរាប់ថា៖ «មរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខូរ ឈា គឺជាការបាត់បង់ស្វាមីដ៏ឧត្តុងឧត្តម បិតា ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុត របសលោកជំទាវ និងក្រុមគ្រួសារ ហើយក៏ដូចជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានលះបង់កម្លាំងកាយ និងប្រាជ្ញា ស្មារី និងហ៊ានបូជាជីវិត បម្រើប្រទេសជាតិ និងប្រជាជន ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ»។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២២:០៥ នាទី ដោយរោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមគ្រួសារសព។ សពនាយឧត្តមសេនីយ៍ ខូរ ឈា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនាជាតិ នៅហេដ្ឋាននៃសព ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕