(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និង លោក ជាវ តាយ អភិបាលខេត្តកំពត និងភរិយា ព្រមទាំងមន្ត្រីរាជការសមាជិក សមាជិកាក្រោមឱវាទ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានរួមគ្នាធ្វើពិធីសែនព្រេនបួងសួង សុំសេចក្ដីសុខចម្រើន និងសុំឱ្យប្រទេសជាតិ បន្តមានសុខសន្តិភាពជារៀងរហូត។
ពិធីសែនព្រេននេះ បានប្រព្រឹត្តទៅ នៅទីអាសនៈលោកតា នៃសាលាដំបូងខេត្ត និងនៅវិហារព្រះម៉ែ ក្នុងក្រុងកំពត។ ការធ្វើពិធីសែនព្រេនបួងសួងនេះ គឺរដ្ឋបាលខេត្តកំពត តែងតែធ្វើឡើងតាមទម្លាប់ជារៀលរាល់ឆ្នាំ ក្នុងឱកាសនៃវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម។
គោលបំណងធ្វើឡើងដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រជាពលរដ្ឋទូទៅ និងការអភិវឌ្ឍកាន់តែមានភាពរីកចម្រើនថែមទៀត ក្នុងខេត្តកំពត ក៏ដូចជាការបួងសួង សុំឱ្យប្រទេសជាតិ មានសុខសន្តិភាពជារៀងរហូត យូរអង្វែង និងសេចក្ដីសុខដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ មកទស្សនាកម្សាន្ត នៅទឹកដីខេត្តកំពត ឱ្យទទួលបាននូវសុខសុវត្ថិភាពគ្រប់ប្រការផងដែរ។ ហើយក៏សូមបួងសួង សុំឲ្យទេវតា និងបារម៉ី វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សា ឃុំគ្រងក្នុងទឹកដីខេត្តកំពត តាមជួយថែរក្សាប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន ប្រកបដោយសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យជួបតែសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀតជារៀងរហូតតទៅ។
សូមរំលឹកថា ការធ្វើពិធីបួងសួងនេះធ្វើឡើងគឺស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិសេរីភាពទូលំទូលាយ នូវជំនឿសានាផ្សេងៗគ្នា ដែលដូនតាបានបន្សល់ទុក ដើម្បីគោរព រៀងៗខ្លួន របស់ប្រជាពលរដ្ឋ។ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានរួមគ្នាធ្វើពិធីបួងសួងនាពេលនេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងការងារស្នូលពោលគឺការអភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋក្នុងខេត្ត។
សកម្មភាពទាំងនេះក៏ជាចំណែកមួយដែលបានរួមជាមួយប្រជាជនយើង គ្រប់រូបដែលតែងតែបានបន់ស្រន់ប្រាថ្នាសុំជួបតែសេចក្ដីសុខគ្រប់ប្រការ និងក៏ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាផងដែរ។ ពិសេសសូមឱ្យប្រទេសជាតិយើង បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍបានកាន់តែរីកចម្រើន ជានិរន្តតទៅមុខទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំដ៏វាងវែនៃកម្ពុជាយើង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ ក៏បានជូនថវិកាដល់ក្រុមលោតម៉ុងសាយ ព្រមទាំងកងកម្លាំងនគរបាលនិងអាវុធហត្ថ រួមនិងប្រជាពលរដ្ឋ សរុប ចំនួនជាង២លាន៥សែនរៀលផងដែរ ៕