Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីរកីឡាការិនី ខាន់ ចេសា ឈ្នះជើងឯកជឺជិតស៊ូទ្វីបអឺរ៉ុប ឆ្នាំ២០២០

26-01-2020 14:14

(ភ្នំពេញ)៖ នេះចាត់ទុកថា ជាមោទនភាពជាតិខ្មែរមួយទៀតហើយ បន្ទាប់ពីវីរកីឡាការិនី ខាន់ ចេសា បានយកឈ្នះជើងឯកកីឡាជឺជិតស៊ូប្រចាំទ្វីបអឺរ៉ុប នៅក្នុងឆ្នាំ២០២០នេះ។

យោងតាម Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៦ ខែមករានេះ ខាន់ ចេសា បានបង្ហោះសារពីជ័យជម្នះរបស់ខ្លួន ហើយថែមទាំងថ្លែងអំណរគុណ ដល់អ្នកដែលតែងតែជួយ និងផ្តល់ការគាំទ្រសម្រាប់នាងផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ខាន់ ចេសា មានវ័យ ១៨ឆ្នាំ ដោយមានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិម៉ិចស៊ិកូ តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា ខណៈបច្ចុប្បន្ន កំពុងរស់នៅសហរដ្ឋអាមេរិក។

ចេសា បានចូលលេងកីឡាជឺជិតស៊ូតាំងពីនៅក្មេងម្លេះ ក្រោមការបង្ហាត់ផ្ទាល់ពីឪពុកខ្លួន ហើយប៉ុន្មានឆ្នាំក្រោយមក នាងដណ្ដើមបានមេដាយមាសជាច្រើន។

ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស ១គ្រឿងទៀត ពីស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។ លើសពីនេះ ចេសា ក៏ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ និងកម្រិតពិភពលោកស្ទើររាប់ភ្លេចផងដែរ៕