(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពជា សព្វថ្ងៃ មិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានដទៃទេ គឺពលរដ្ឋឆ្លៀតយកឱកាសកំសាន្តសប្បាយ ជួបជុំគ្រួសារដែលធ្វើឱ្យជីវិតសុខភាពកាន់តែស្រស់ថ្លា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានចូលរួមរីករាយ និងធ្វើដំណើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្រុកទេសមានសុខសន្តិភាព សំបូរសប្បាយ រីឯឱកាសក៏មានកាន់តែច្រើន ជាពិសេសបងប្អូនជនរួមជាតិក៏មានជម្រើសច្រើន ក្នុងការធ្វើឱ្យជីវិតរស់នៅមានសេចក្តីសុខ រីកចម្រើន និងមានសុភមង្គល។
សម្តេចបានបន្តទៀតថា «ព្រោះកម្ពុជាកន្លងមកជាច្រើនរយឆ្នាំមកហើយ ដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាស ពេលវេលានឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញ នៅពេលនេះក្រោមម្លប់សន្តិភាព»។
សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន និងបានសម្រាកជួបជុំគ្រួសារក្នុងថ្ងៃអាទិត្យនេះផងដែរ៕