(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានចេញមកបញ្ជាក់ថា ការដាក់លិខិតយកសព ឬឯកសារទាមទារប្រាក់សំណង និងអត្ថប្រយោជន៍ផ្សេង សម្រាប់ពលករខ្មែរនៅថៃ ពេលមានគ្រោះថ្នាក់ការងារជាដើមនោះ មិនត្រូវបានគិតថ្លៃសេវាកម្មនោះឡើយ។
ការចេញមកបញ្ជាក់របស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងពាក្យចចាមអារ៉ាមមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនថា ការផ្តល់សេវាកម្មរបស់ស្ថានទូត បានយកថ្លៃសេវាកម្មលើឯកសារ ក្នុងការទាមទារប្រាក់សំណងពីសាច់ញាតិពលករ នៅពេលមានករណីពលករស្លាប់ និងគ្រោះថ្នាក់ការងារ។
ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានច្រានចោលការលើកឡើងទាំងនេះ និងចាត់ទុកជាការលើកឡើងផ្ទុយពីការពិត គ្មានមូលដ្ឋាន និងប្រឌិតកុហកបោកប្រាស់ទាំងស្រុង។
ស្ថានទូតបានអះអាងថា ការដាក់ពាក្យស្នើសុំលិខិតនាំយកសពទៅបូជា និងពាក្យស្នើសុំឯកសារផ្សេងៗ ដើម្បីទាមទារប្រាក់សំណង ឬអត្ថប្រយោជន៍ពេលមានគ្រោះថ្នាក់ការងារ ពីស្ថានទូតមិនមានគិតថ្លៃសេវាកម្មនោះឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ស្ថានទូត ក៏បានបង្ហាញមុខ និងអត្តសញ្ញាណមន្ត្រីស្ថានទូតចំនួន១៦រូបផងដែរ ដើម្បីឱ្យពលករខ្មែរទាក់ទងទទួលសេវាកម្មផ្សេងៗ។ ស្ថានទូតបញ្ជាក់ទៀតថា បើជនណាទៅអះអាងផ្តល់សេវាកម្មខុសពីមន្ត្រីទាំង១៦រូប ដែលបានបង្ហាញ គឺជាជនឆបោកហើយ។
នៅពេលមានអ្នកអះអាងជាមន្ត្រីស្ថានទូត ខុសពីមន្ត្រីដែលបានបង្ហាញអត្តសញ្ញាណទាំង១៦រូបនេះ ស្ថានទូតស្នើឱ្យពលករប្រញាប់ទាក់ទងរាយការណ៍ជាបន្ទាន់ទៅកាន់ស្ថានទូត តាមរយៈលេខទូរស័ព្ទ ០៩៤ ០៩២ ៥៩០៥ និង ០៩២ ៨០៥០៥៦១ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕