(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញផែនចំនួន៦ចំណុចសំខាន់ៗ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ប្រជាជនចិន វៀតណាម និងកូរ៉េ។
ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ផែនការដែលបានដាក់ចេញដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន៖
ទី១៖ យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។
ទី២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។
ទី៣៖ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្ដតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។
ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។
ទី៥៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មាន ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ ដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៦៖ ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផល នៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ ផ្ញើមកសេនាធិការដ្ឋាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ជាកំណត់។
សូមជម្រាបថា ឆ្នាំ២០២០នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ង ចាប់ពីថ្ងៃ១កើត, ថ្ងៃទី១កើត និង៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥, ២៦ និង២៧ ខែមករា ឆ្នាំ២០២០៕