(កំពង់ចាម)៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរសរុប ១៣,៨០៩នាក់ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
តាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិសរុប ១៣,៨០៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិកើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ចំណែកភ្ញៀវទេសចរបរទេសមានចំនួនត្រឹមតែ ៩០នាក់ ថយចុះ ៥៥ភាគរយ។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងចំណោមរមណីយដ្ឋានចំនួន ៧ នៅក្នុងខេត្តកំពង់ចាម ភាគច្រើនភ្ញៀវទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានឆ្នេរកោះប៉ែន ស្ថិតនៅក្នុងក្រុងកំពង់ចាមតែម្ដង។
លោកប្រធានមន្ទីរបន្តថា សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានធានាយ៉ាងល្អប្រសើរ ពោលគឺគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ធ្វើឱ្យភ្ញៀវទេសចរអាចដើរលេងកម្សាន្ដបានយ៉ាងសប្បាយរីករាយ៕