(កំពង់ចាម)៖ ទាំងពលរដ្ឋចិន និងខ្មែរជាប់សែស្រឡាយចិន មានជំនឿខ្លាំងណាស់ ចំពោះការសែនកុងម៉ា ដើម្បីជួយឱ្យពួកគេបានរុងរឿង និងរីកចម្រើន។ ចម្លែកអីពលរដ្ឋខ្មែរជាប់សែស្រឡាយចិនពីរគ្រួសារ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្លើងធូបដែលពួកគេសែនកុងម៉ានោះ មិនបានជួយឱ្យពួកគេចម្រុងចម្រើន បែរជាឆេះបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលខំរកយ៉ាងលំបាកអស់រលីង។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ គឺនៅថ្ងៃសែនចូលឆ្នាំចិន។ បើតាមសមត្ថកិច្ចការឆាបឆេះនេះ ដោយសារតែម្ចាស់អុជធូបសែនកុងម៉ាហើយ បិទទ្វារផ្ទះចោលភ្លើងធូបបានឆេះរាលដាកបង្កជាអគ្គិភ័យតែម្តង។
ផ្ទះដែលឆេះនេះ ម្ចាស់ទីមួយឈ្មោះ ម៉ីន ផា ភេទប្រុស អាយុ ៤៨ឆ្នាំ បណ្តាលឱ្យខូចខាតផ្ទះទំហំ ៨ម៉ែត្រ គុណ ១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿងឆេះខូចខាតទាំងស្រុង និងបាតបង់សម្ភាររួមមាន៖ មាសចំនួន៥តំឡឹង, ប្រាក់ដុល្លារចំនួន៤០,០០០ដុល្លារ, ប្រាក់រៀលចំនួន ៧០លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ម្ចាស់ផ្ទះទីពីរឈ្មោះ លី លាង ភេទប្រុស អាយុ៥៨ឆ្នាំ ខូចខាតផ្ទះទំហំ ១០ម៉ែត្រ គុណ ១៦ម៉ែត្រ ធ្វើពីឈើប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាត បាត់បង់សម្ភាររួមមាន៖ ប្រាក់ដុល្លារចំនួន ៣០០០ដុល្លារ, ម៉ាស៊ីនកិនស្រូវ១៥សេះ ១គ្រឿង, ម៉ាស៊ីនធ្វើនំបញ្ចុក១៥សេស ០១គ្រៀង, ស្រូវចំនួន២០បេ និងសម្ភារប្រើប្រាស់មួយចំនួន។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់បានបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ សមត្ថកិច្ចបានប្រើរថយ្តពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៨ឡាន៕