(កំពង់ធំ)៖ លោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានផ្តាំផ្ញើដល់ឪពុកម្ដាយសិស្សទាំងអស់ ត្រូវជំរុញ និងលើកទឹកចិត្តដល់កូនបន្ថែម ដើម្បីឱ្យរៀនចប់នៅមហាវិទ្យាល័យ ព្រោះការសិក្សារៀនសូត្រ ត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលា ដើម្បីឱ្យក្លាយទៅជាមនុស្សល្អ កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន ព្រោះក្មេងៗជាទំពាំងស្នងឫស្សី។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញ ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ «ហ៊ុន សែន រុងរឿង» ស្ថិតនៅក្នុងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង៣០០នាក់។
ក្នុងឱកាសនោះដែរ លោក យឹម លាត បានថ្លែងថា ប្អូនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងបើកបរត្រូវមានការប្រុងប្រយ័ត្ន និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកថា សិក្សាត្រូវផ្ដោតសំខាន់លើ ៤ចំណុចគឺ៖ សុ ចិ បុ លិ ដែល សុ មានន័យថាស្តាប់គ្រូពន្យល់រាល់ពុទ្ធិ, ចិ មានន័យថាគិតសម្មាធិរាល់សេចក្តី, បុ មានន័យថា សួរសំណួរឱ្យយល់ន័យ និង លិ មានន័យថាកត់ត្រាអ្វីៗដែលបានរៀន។
លោក យឹម លាត បានបន្តថា ការសិក្សាត្រូវផ្ដោតសំខាន់ ដោយមានការសិក្សាស្រាវជ្រាវ ស្ដាប់លោកគ្រូអ្នកគ្រូហើយ ត្រូវយកបទពិសោធន៍ របស់រៀមច្បងមកធ្វើជាមូលដ្ឋានគ្រឹះ ហើយមិនត្រូវប្រើប្រាស់ឧបករណ៍ប្រព័ន្ធអេឡិចត្រូនិច ដោយខុសពេលវេលានោះទេ ត្រូវប្រើប្រាស់អ្វីៗ ឱ្យមានប្រយោជន៍ ដើម្បីយើងក្លាយជាធនធានមនុស្សមួយ សម្រាប់ជួយកសាងប្រទេសជាតិ។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំរូបនេះ បានបន្ថែមទៀតថា អ្នកសិក្សាត្រូវគិតឱ្យច្បាស់ថា តើមករៀនដើម្បីធ្វើអ្វី? ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាព របស់ខ្លួនជារៀងរហូតជាពិសេសនោះ ត្រូវបង្កើតនូវការសិក្សារៀនភាសាបរទេសបានច្រើន ដោយសិក្សាពេញមួយជីវិត ត្រូវចេះជួយខ្លួនឯងមុន ឱ្យអ្នកដទៃ ជួយហើយនៅទីណាក៏អាចយើងក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនង រាល់មជ្ឈដ្ឋានខាងជុំវិញខ្លួន ដោយសេពគប់តែមិត្តល្អ ការអប់រំ គឺឱ្យមានការផ្លាស់ប្ដូរ ពិនិត្យដោយមានការពង្រឹងសមត្ថភាព ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សីល្អ ក្នុងការគ្រប់គ្រងប្រទេសជាតិ។
លោក យឹម លាត បានបញ្ជាក់ថា ការអប់រំឱ្យមានការផ្លាស់ប្ដូរនេះ ជួយដើម្បីឱ្យកូនខ្មែរទាំងអស់ បានផ្ដល់នូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ ក្នុងការទទួលបាននូវយន្តការជ្រើសរើស សម្រាប់កសាងមូលដ្ឋានគ្រឹះ នៃការផ្លាស់ប្ដូរតាមរយៈការគិតពិចារណា ដើម្បីបង្កើតជំនឿចិត្ត ដល់នូវសេចក្តីសង្ឃឹមដែលជាថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ ចំពោះខ្លួនឯង អ្នកដទៃគ្រួសារ និងសង្គមជាតិ ជាពិសេសគោរពតាមគោលការណ៍សន្តិវិជ្ជមាន ពង្រឹងការផ្សព្វផ្សារការបង្រួបបង្រួមជាតិ-អន្តរជាតិ ក្នុងគោលដៅជំរុញឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ាមួយឆ្ពោះ ទៅរកការគេចឱ្យផុតពីអំពើហិង្សាការកេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំឧក្រិដ្ឋកម្ម និងប្រពលភាព ហើយសកម្មរូបភាពមួយចំនួនដ៏សំខាន់ គឺពិតជាសូចនាករមួយឈានទៅរកការសម្រេច នៃការផ្លាស់ប្ដូរសំរាប់បុគ្គលគ្រួសារ និងសង្គមជាតិ៕