(ប៉ៃលិន)៖ អាជ្ញាធរខេត្តប៉ៃលិន សហការជាមួយកងកម្លាំងនគរបាលចរាចរណ៍ បានបើកយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់។
យុទ្ធនាការនេះក៏មានការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរ ស្តីពីច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកជូននូវមួកសុវត្ថិភាព ឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវឱ្យប្រជាពលរដ្ឋពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា មិនថាផ្លូវជិត ឬឆ្ងាយឡើយ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលបានឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដោយសារ ការធ្វេសប្រហែស និងមិនគោរពច្បាប់ ហើយមហន្តរាយដ៏ធំធេងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកអភិបាលខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញកត្តា៣គឺមនុស្ស សម្ភារៈ និងផ្លូវ ដូច្នេះកត្តាទាំង៣នេះ សូមឲ្យពលរដ្ឋទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ជាពិសេសបងប្អូនអ្នករត់តាក់ស៊ី និងម៉ូតូឌុប ត្រូវតែបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ និងពេលបើកបរ ព្រោះថាយ៉ាងហោចណាស់មានអ្នកជិះ៣ទៅ ៥ នាក់ ដែលបានផ្ញើជីវិតទៅលើអ្នកបើកបរ។
លោក ផាន់ ចាន់ធុល បានបន្តថា សកម្មភាពចុះចែកមួកដល់អ្នកបញ្ជាទោចក្រយានយន្តនា ពេលនេះ គឺជាការដាស់ស្មារតីដល់អ្នកបើកបរ ទាំងឡាយឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាពក្នុងពេលបើកបរ ព្រោះនៅពេលមានការប៉ះទង្គិចដោយប្រការណាមួយមួក សុវត្ថិភាពអាចការពារក្បាលរបស់អ្នកពីគ្រោះថ្នាក់ទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ជា សីហា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ២០១៨ នៅឆ្នាំ២០១៩ គឺករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ១២ករណី ដោយឆ្នាំ២០១៨ មាន ៥០ករណី និងឆ្នាំ២០១៩ មាន ៣៨ករណី ចំណែកចំនួនអ្នកស្លាប់មានការកើនឡើងចំនួន ៥នាក់ ដោយឆ្នាំ២០១៨ ស្លាប់ចំនួន ១៣នាក់ និងឆ្នាំ២០១៩ ស្លាប់ចំនួន ១៨នាក់ អ្នករបួសធ្ងន់ មានការថយចុះចំនួន ១១នាក់ ដោយឆ្នាំ២០១៨ របួសចំនួន ៤៩នាក់ និងឆ្នាំ២០១៩ របួសចំនួន ៤៩នាក់ និងរបួសស្រាលមានការថយចុះចំនួន ៧នាក់ ដោយឆ្នាំ២០១៨ របួសចំនួន ៣៨នាក់ និងឆ្នាំ២០១៩ របួសចំនួន ៣១នាក់៕