(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ ឃុំពោធិ៍ និងឃុំត្រងិល ស្រុកកំពង់លែង បានស្នើសុំអាជ្ញាធរ ស្រុកកំពង់លែង ជួយកសាងបង្កើតតំបន់ទេសចរណ៍ ទំនប់ច្រកបាក់ដាវជាប់ជើងភ្នំប្រវត្តិសាស្ត្រ នាងកង្រី ស្ថិតនៅក្នុងឃុំត្រងិល ជាប់ព្រុំប្រទល់ឃុំពោធិ៍ ស្រុកកំពង់លែង ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងមុជទឹកលេងកំសាន្តយ៉ាងសែន មនោរម្យ ដើម្បីឱ្យប្រជាពលរដ្ឋ ជាភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកលេងកម្សាន្តនៅចុងសប្តាហ៍ និងនៅក្នុងពិធីបុណ្យទានផ្សេងៗរបស់ជាតិ។
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំពោធិ៍ បាន ឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងមក ប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានទំទាក់ទងមកអាជ្ញាធរស្រុក ដើម្បីសុំបង្កើតតំបន់ទេសចរណ៍ នៅទំនប់ច្រកបាក់ដាវនេះ ដោយពួកគាត់សុំសាងសង់រោង សង់តូប និងសង់ផ្ចុសមួយចំនួន តាមខ្នងទំនប់ ដើម្បីទទួលភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរក្រៅស្រុក ដែលមានបំណងចង់បង្កើតទីកំសាន្ត តំបន់ទេសចរណ៍ ព្រៃភ្នំធម្មជាតិ និងមកមុជទឹកលេងកម្សាន្ត នៅទំនប់ច្រកបាក់ដាវមួយនេះ។
នៅក្នុងសំណើរបស់សហគមន៍ទាំងពីរឃុំខាងលើនេះផងដែរ លោក ចេង ចាន់ដូណា អភិបាលរង ស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០នេះ លោកបានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទឱ្យដឹងថា ទំនប់ច្រកបាក់ដាវ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ពីមុនមកជាទំនប់ ដែលកសាងនៅក្នុងសម័យ «ប៉ុល ពត» ក្រោយឆ្នាំ ១៩៧៩ទំនប់នេះ បានខូចខាតបែកបាក់ជាច្រើនកន្លែង ដែលមិនអាចទប់ទឹកប្រើប្រាស់ បានទើបនៅ២ឆ្នាំចុងក្រោយនេះ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ បានជួយកសាងទំនប់នេះ ឱ្យមានភាពរឹងមាំឡើងវិញ ដែលអាចស្តុបទឹកបានច្រើនម៉ឺនម៉ែត្រគូប ដែលហូរមកពីប្រភពភ្នំនាងកង្រី ដើម្បីស្តុកទុកស្រោចស្រព ដីស្រូវវស្សារាប់រយហិកតា របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង។
ដោយឡែកនៅឆ្នាំកន្លងមកទំនប់ច្រកបាក់ដាវនេះ មានប្រភពទឹកពេញបរិបូណ៌ ដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែនៅឆ្នាំ២០១៩ កន្លងមក ដោយសារតែមានភ្លៀងតិចតួច គឺទឹកនៅក្នុងទំនប់ច្រកបាក់ដាវនេះ ពុំមានទឹកច្រើនឡើយ ជាហេតុធ្វើឱ្យការស្រោចស្រព នៅរដូវវស្សាក្នុងឆ្នាំនេះ ជួបនឹងការខ្វះខាតទឹកខ្លះៗផងដែរ។
ទាក់ទងនឹងសំណើ របស់ប្រជាសហគមន៍ ខាងលើនេះ អាជ្ញាធរស្រុក ក៏បានជូនយោបល់ទៅសហគមនន៍ និងប្រជាពលរដ្ឋរួចហើយថា ត្រូវដាក់ពាក្យស្នើសុំទៅមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្រុមការងារមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារពាក់ព័ន្ធ ស្រុកកំពង់លែង ចុះសិក្សាអោយបានច្បាស់លាស់ ក្នុងគំរោងបង្កើតតំបន់ទេសចរណ៍ នៅចំណុចខាងលើនេះ ឱ្យបានល្អទៅតាមការណែនាំរបស់ក្រសួង ដើម្បីពង្រីកតំបន់ទេសចរណ៍ លើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តែប្រជាពលរដ្ឋ ក៏ត្រូវតែបង្កើតជាសហគម ន៍ទេសចរណ៍ជាមុនសិនផងដរ។
គួរបញ្ជាក់ថា ទំនប់ចក្របាក់ដាវនេះ គឺជាតំបន់ប្រវត្តិសាស្រ្តបុរាណមួយ ជំនាន់ស្តេចតេជោមាស តេជោយ៉ត ដែលជាកន្លែងជុំរុំតស៊ូ របស់ទាហានខ្មែរជំនាន់បុរាណ ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រសង្គ្រាម ប្រយុទ្ធការពារទឹកដីមាតុភូមិកម្ពុជា ។
ដូច្នេះ ដើម្បីឱ្យតំបន់ប្រវត្តិសាស្រ្តមួយនេះ បានស្ថិតស្ថេរគង់វង្ស នៅក្នុងដួងចិត្តកូនខ្មែរគ្រប់ៗរូបនោះ ប្រជាពលរដ្ឋស្រុកកំពង់លែង ស្នើសុំមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង មេត្តាជួយចុះមកសិក្សា បង្កើតតំបន់ទេសចរណ៍ខាងលើនេះ ដើម្បីឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានមកទស្សនា ក៏ដូចជាស្វែងយល់ អំពីតំបន់ប្រវត្តិសាស្ត្រមួយនេះផង៕