(តាកែវ)៖ បន្ទាប់ពីបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុកមួយបានចុះផ្សាយរិះគន់ មន្ទីរពេទ្យបង្អែកខេត្តតាកែវថា មិនជួយព្យាបាលអ្នកជំងឺនៅថ្ងៃសៅរ៍-អាទិត្យ នារសៀលថ្ងៃទី២៥ ខែមករានេះ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានចេញសេចក្ដីបំភ្លឺមួយ ដោយច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងអស់នោះ។
យោងតាមការបកស្រាយបំភ្លឺ របស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ មានករណីស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ព្រំ លីដា អាយុ៤៥ឆ្នាំ រស់នៅភូមិកំបៅ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង បានចូលមកពិនិត្យផ្ទៃពោះ រួមជាមួយគ្រួសារបានមកកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។
ក្នុងការចូលមកពិនិត្យនេះ បុគ្គលិកពេទ្យផ្នែករោគស្រ្តី បានជួបជាមួយស្រ្តីអ្នកជំងឺ និងបានសាកសួរថាមានបញ្ហាអ្វី? បន្ទាប់មកស្រ្តីបានឆ្លើយថា គាត់បានអេកូខាងក្រៅថា អត់ទឹកភ្លោះ និងលើសថ្ងៃ។ ពេទ្យបានសួរបន្តថា តើកូនទីប៉ុន្មានហើយ? គាត់ឆ្លើយថា កូនទី៣។
បន្ទាប់ពីបានសាកសួរហើយ គ្រូពេទ្យបានពន្យល់ថា ក្នុងករណីនេះត្រូវសម្រាកពេទ្យ ដើម្បីតាមដានពីសញ្ញាមួយចំនួន និងចង្វាក់បេះដូងកូន ហើយពេទ្យក៏បានវាស់សម្ពាធឈាមឃើញ ១២០/៨០ មមបារត ចង្វាក់បេះដូង ៨៦ដង/នាទី តេស្តទឹកនោម ប្រូតេអ៉ីន (+/-)។ តែអ្នកជំងឺចង់តែពិនិត្យអេកូភ្លាមៗ និងបានប្រាប់ថា គាត់មានកូនតូចនៅផ្ទះ (បង្ហាញភាពស្ទាក់ស្ទើរក្នុងការសម្រាកពេទ្យ) ហើយក៏បានចាកចេញទៅ។
មន្ទីរពេទ្យបានបំភ្លឺបន្តថា ក្នុងករណីនេះស្រ្តីខាងលើចង់តែពិនិត្យអេកូ ប៉ុន្តែការពិនិត្យអេកូនៅមន្ទីរពេទ្យសម្រាប់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យត្រូវធ្វើឡើងក្នុងករណីបន្ទាន់ និងធ្ងន់ធ្ងរតែប៉ុណ្ណោះ ដោយសារតែគ្រូពេទ្យជំនាញអេកូ មិនគ្រប់គ្រាន់ក្នុងវេនយាមប្រចាំការនីមួយៗ។ ប៉ុន្តែបើទោះជាគ្រូពេទ្យពន្យល់យ៉ាងណាក៏ដោយ ក៏ស្រ្តីខាងលើមិនព្រមទទួលយកការសម្រាកពេទ្យ គាត់ចង់បានអ្វីដែលគាត់ចង់បាន (អេកូ) តែប៉ុណ្ណោះ។
បើតាមការបកស្រាយរបស់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ មន្ទីរពេទ្យសូមបដិសេធ នូវការលើកឡើងនេះ ទាំងស្រុងចំពោះការចោទប្រកាន់ថា មន្ទីរពេទ្យខេត្តតាកែវ មិនទទួលពិនិត្យជំងឺថ្ងៃសៅរ៍ អាទិត្យ និងបដិសេដរាល់ការចោទប្រកាន់ ការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនផងដែរ។
ដោយឡែក ចំពោះមួយករណីទៀត ដែលចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក ដែលើកឡើងថា «ហួសហេតុ! ស្រ្តីម្នាក់ត្រូវមន្រ្តី មន្ទីរពេទ្យបង្អែកខេត្តតាកែវដេញ ទៅវិញដោយមិនទទួលពិនិត្យផ្ទៃពោះថ្ងៃសៅរ៍ និងអាទិត្យ» នោះទេ ដោយប្រភពព័ត៌មានបានបង្ហាញឈ្មោះស្រ្តី សុខ សុភ័ក្ត អាយុ២៥ឆ្នាំ តែតាមការពិត ស្រ្តីរូបនេះមិនបានចុះឈ្មោះ ក្នុងប្រព័ន្ធព័ត៌មាន សុខាភិបាលទេក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ ដូច្នេះគណៈកម្មការមន្ទីរពេទ្យ សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយដែលបានចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏សូមអរគុណនូវរាល់ព័ត៌មានរិះគន់ដើម្បីស្ថាបនា ហើយមន្ទីរពេទ្យនឹងខិតខំកែលម្អនូវរាល់ ចំណុចខ្វះខាតផងដែរ៕