(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានចាត់តាំងក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សកម្មភាពដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកសម្របសម្រួលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថទូទាំងប្រទេស និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បាននាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ហែម នី ជំនួយការ ការិយាល័យបុគ្គលិកកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលទើបតែទទួលមរណភាពថ្មីៗនេះ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានធ្វើការពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដល់ក្រុមគ្រួសារសព និងបានសម្តែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកដ៏ល្អមួយរូបនេះចេញពីជួរអង្គភាពកងរាជអាវុធហត្ថ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែផ្តាំផ្ញើទៅដល់មេបញ្ជាការគ្រប់បណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់ ចំពោះសមាជិកដែលស្ថិតចំណុះអង្គភាពរបស់ខ្លួនឲ្យបានល្អ ទាំងការស្នាក់នៅ ស្លៀកពាក់ ហូបចុក ជាពិសេស គឺនៅពេលដែលពួកគាត់កំពុងជួបទុក្ខលំបាក ដូចជាពេលនេះជាដើម។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ក៏បានធ្វើការចូលរួមសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ក្នុងការបាត់បង់សមាជិកជាទីស្រលាញ់បំផុត ក៏ដូចជាការបាត់បង់កូនចៅដែលស្ថិនៅក្នុងអង្គភាព ដ៏ល្អមួយរូបនេះផងដែរ៕